(ភ្នំពេញ)៖ យោងតាមតារាងប្រកួតប្រជែងគណិតវិទ្យាទាំងតំបន់អាស៊ី និងថ្នាក់ពិភពលោក បានបន្តបង្ហាញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យដឹងថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តដណ្តើមបានលេខមួយ​នៃកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យា ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលលោក។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងក្នុងចំណោមសិស្ស ១០០នាក់ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកជាមួយពិន្ទុ ១៨១៤០។ ដោយឡែកអ្នកដណ្តើមបានលេខ២ សម្រាប់តំបន់អាស៊ីបានទៅលើសិស្សមកពីកោះតៃវ៉ាន់ ជាមួយពិន្ទុ ៣៥៨០ និងសម្រាប់ថ្នាក់ពិភពលោកបានទៅលើសិស្សនៅប្រទេសអូស្រ្តាលី ជាមួយពិន្ទុ ១៧៥៨០។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងពិភពលោកនេះកុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗជានិច្ចកាល។

តាមរយៈលទ្ធផលនេះ បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ៕