(ភ្នំពេញ)៖ តាមការគ្រោងទុកក្បួនរថយន្ដការ៉ាវ៉ាន់ (Caravan Tour 2019) នឹងធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ធំ និងបន្តទៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ និង ផ្លាស់ប្តូរវប្បធម៌ទេសចរណ៍ក្នុងក្របខណ្ឌទន្លេមេគង្គ-ឡាឆាង និងដើម្បីអបអរឆ្នាំវប្បធម៌ទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០១៩ បូករួមការផ្សព្វផ្សាយទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។
ក្បួនរថយន្ដការ៉ាវ៉ាន់ក៏បានជំរុញយុទ្ធនាការកម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត នៅក្នុងទីផ្សារទេសចរចិន ដែលជាទីផ្សារឈរលំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។
ក្បួនរថយន្ដការ៉ាវ៉ាន់ ក៏បានឈប់សម្រាក និងទទួលទានអាហារ ថ្ងៃត្រង់នៅភោជនីយដ្ឋានព្រៃប្រស់ ក្នុងទឹកដីខេត្តកំពង់ធំ ដោយមានការចូលរួមសម្របសម្រួល និងស្វាគមន៍ យ៉ាងកក់ក្តៅពីអាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ខេត្តកំពង់ធំចំពោះក្បួនរថយន្ដការ៉ាវ៉ាន់ (Caravan Tour2019)។
ក្បួនរថយន្ដការ៉ាវ៉ាន់ (Caravan Tour) រួមមានសាធារណរដ្ឋប្រជាមានិតចិន ក្រសួងទេសចរណ៍សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមអាស៉ីបាស៉ីហ្វិកកម្ពុជា (PATA) មន្ទីរទេសចរណ៍ខេត្តសៀមរាប៕