(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលជួបប្រតិភូអញ្ជើញ មកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម នៃសាធារណ:រដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីការបង្កើតកិច្ច សហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការគ្រប់គ្រងគុណភាពកសិផល ការកែច្នៃ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ល។
នាឱកាសនេះ លោកស្រី Wang បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោកស្រីបានបញ្ជាក់បន្ថែមថា នេះពិតជាបានមកដោយសារចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោកស្រីក៏បានសម្តែងនូវអំណរសាទរ ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក។
លោកស្រីបានជម្រាបពីគោលបំណងរបស់គណ:ប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់ ឲ្យបានស៊ីជម្រៅបន្ថែមទៀត ពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ការស្រាវជ្រាវ ការកែច្នៃ និងគ្រប់គ្រងគុណភាពកសិផល និងផលិតផលកសិកម្មទាំង នៅជាវត្ថុធាតុដើម និងកែច្នៃរួម។ ទាំងអស់នេះ គឺដើម្បីពិនិត្យពិចារណាបង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មចិន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើ ឲ្យវិស័យកសិកម្មនាពេលអនាគតដ៏ខ្លី។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានរំលេចជូនគណ:ប្រតិភូបានឃើញផងដែរ នូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ គ្រប់ជ្រុងជ្រោយ និងជាពិសេសនោះ គឺចំណងសាមគ្គីភាព មិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយ:ពេលកន្លងមក រហូតមកទល់បច្ចុប្បន្ន ហើយនេះគឺជាគោល នយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតី ស៊ី ជីនពីង។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច របស់រាជបណ្ឌិតសភានាពេលនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះឆន្ទៈបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការបណ្តុះ បណ្តាលធនធានមនុស្សគ្រប់កម្រិត រួមទាំងវគ្គបណ្តុះបណ្តាលសម្រាប់រយ:ពេលខ្លី វែង និងការផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិតដើម្បីសិក្សាស្រាវជ្រាវ រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងបំពេញបន្ថែមនូវរាល់ចំណេះដឹង ធ្វើយ៉ាងណាអភិវឌ្ឍវិស័កសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនថែមទៀត ស្របតាមអ្វីដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ក្នុងការអនុវត្តទំនើបកម្មកសិកម្ម តាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យរាជបណ្ឌិតសភាពិចារណាផ្តល់អាហារូប ករណ៍សម្រាប់រយ:ពេលខ្លី ឬវែងគ្រប់កម្រិត ឬជាលក្ខណបណ្តុះបណ្តាលរយ:ពេលខ្លី ឬវែងសម្រាប់និស្សិតកម្ពុជាឲ្យបានទៅបន្តការសិក្សានៅសាធារណរដ្ឋប្រមានិតចិនក្នុងវិស័យកសិកម្មឲ្យបានកាន់តែច្រើននាពេលអនាគត។
ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោករដ្ឋមន្ត្រីស្នើសុំឲ្យរាជបណ្ឌិតសភាព រៀបចំឯកសារអនុស្សរណ នៃការយោគយល់គ្នា (MOU) ឲ្យបានឆាប់ដើម្បីដាក់ជូនក្រុមការងាររបស់ភាគីទាំងពីរពិនិត្យ និងចុះហត្ថលេខាប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ខាងមុខ៕