(ភ្នំពេញ)៖ និស្សិតជាច្រើននាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលចំណេះដឹងពីសិក្ខាសាលាស្តីអំពីការងារ ដែលកម្មវិធីសិក្ខាសាលានេះ បានសហការណ៍រៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុប (Euro-Cham) និងសាកលវិទ្យាលភូមិន្ទនីតិសាស្រ្ត ដោយមានការផ្តួចផ្តើមទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។
សិក្ខាសាលានេះ បានបង្កើតឡើងក្នុងគោលបំណងបង្ហាញនូវការវិវត្តន៍នៃវិស័យឯកជន លក្ខខណ្ឌការងាររបស់ក្រុមហ៊ុននានានៅក្នុងសភាពាណិជ្ជកម្មអឺរ៉ុប និងចែករំលែកបទពិសោធន៍ការងារនៃបុគ្គលិកឆ្នើមនានា ដើម្បីតម្រង់ទិសក្នុងអាជីពការងារដល់និស្សិត ដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខ។
តំណាងក្រុមហ៊ុនធំៗចំនួន៣ បានចូលរួមធ្វើបទបង្ហាញ និងចូលរួមចែករំលែកនូវបទពិសោធន៍ល្អៗលើការសិក្សា និងការងារដល់ប្អូនៗនិស្សិត ផ្តល់ឱកាសការងារ និងកម្មសិក្សាដល់យុវជន ដែលនឹងចុះធ្វើកម្មសិក្សា និងស្វែងរកការងារនាពេលអនាគតខាងមុខនេះ។
និស្សិតដែលចូលរួមក្នុងសិក្ខាសាលានេះ សុទ្ធតែជានិស្សិតឆ្នាំទី៣ និងទី៤ នៃកម្មវិធីបណ្តុះបណ្តាលជាភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សហការណ៍បណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យមួយចំនួន នៃប្រទេសបារាំង។
Euro-Cham បានរៀបចំកម្មវិធីសិក្ខាសាលានេះជាបន្តបន្ទាប់ជាច្រើនរួចមកហើយ ក្រោយពីបានចុះអនុសារណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្ម និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) នាឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើននូវការផ្លាស់ប្តូរ រវាងវិស័យអប់រំបណ្តុះបណ្តាល និងវិស័យឯកជន បង្ហាញនូវទស្សនវិស័យរបស់និយោជក ក្នុងការចូលរួមអភិវឌ្ឍន៍នូវការបណ្តុះបណ្តាលមួយ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
*អំពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) គឺជាសមាគមអន្តរជាតិ ដែលមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ សមាគមនេះ ត្រូវបានប្រមូលផ្តុំសាកលវិទ្យាល័យ សាលាជាន់ខ្ពស់ បណ្តាញឧត្តមសិក្សា និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនានា ដែលប្រើប្រាស់ភាសាបារាំងសរុបចំនួនជាង៩៤៤ នៅតាមបណ្តាប្រទេសចំនួន១១៦ នៅលើពិភពលោក។
AUF គឺជាសមាគមមួយ ក្នុងចំណោមសមាគមសំខាន់ផ្សេងៗសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវនៅលើពិភពលោក។ ស្ថាប័ននេះ ក៏ជាប្រតិបត្តិករ នៃការបណ្តុះបណ្តាលនៅឧត្តមសិក្សា និងការស្រាវជ្រាវ នៃអង្គប្រជុំកំពូលនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង (OIF) ផងដែរ។
AUF មានបេសកកម្មលើកកម្ពស់ការប្រើប្រាស់ភាសាបារាំង នៅឧត្តមសិក្សាប្រកបដោយសាមគ្គីភាព ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ សេដ្ឋកិច្ច និងសង្គម របស់បណ្តាប្រទេស ដែលមានគ្រឹះស្ថានជាសមាជិក។ អង្គការនេះ អនុវត្តសកម្មភាព នៅក្នុងតំបន់ចំនួន១០ ក្នុងនោះរួមមានតំបន់អាស៉ីប៉ាស៉ីហ្វិកផងដែរ។
ចាប់តាំងពីដាក់ទីតាំងនៅទីក្រុងហាណូយ នៅឆ្នាំ១៩៩៣មក ទីស្នាក់ការតំបន់អាស៉ីប៉ាស៉ីហ្វិក មានតួនាទីដឹកនាំបណ្តាញក្រុមដែលមានសមាជិកចំនួន៧៩ នៅតាមបណ្តាប្រទេសចំនួន១២ នៅក្នុងតំបន់រួមមាន៖ កម្ពុជា ចិន កូរ៉េខាងត្បូង ហ្វីតជី ឥណ្ឌូនេស៉ី ជប៉ុន ឡាវ ម៉ុងហ្គោល ថៃ វ៉ានូអាទូ និងវៀតណាម រួមទាំងនូវែលកាឡេដូនី និងប៉ូលីនេស៉ីបារាំង៕