(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា ផ្តើមសិក្ខាសាលា ដើម្បីលើកកម្ពស់ទេពកោសល្យស្ថាបត្យកម្មប្រាសាទ ក្នុងគោលដៅជំរុញឱ្យការវិវត្តន៍ សំណង់ប្រាសាទ បច្ចុប្បន្នកាន់តែប្រសើ និងទទួលបាននូវទំនើបកម្ម។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន ដែលបង្ហាញនូវរចនាបថអង្គរ ទម្រង់ និងលក្ខណៈពិសេសនៃក្បាច់បុរាណខ្មែរសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ ជាស្នូលនៃព្រលឹងខ្មែរនាសម័យស្ថាបត្យកម្ម និងសំណង់ខ្មែរសម័យទំនើបបច្ចុប្បន្ន និងសម័យក្រោយៗទៀត។
បណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ជាការពិត ក្នុងបរិបទសាកល ភាវូបនីយកម្ម សំណង់ និងស្ថាបត្យកម្មខ្មែរសម័យទំនើប ចាប់តាំងពីសម័យអាណានិគមនិយមបារាំង សម័យសង្គមរាស្ត្រនិយម រហូតមកដល់សម័យបច្ចុប្បន្ន ខ្មែរតែងតែផ្សារភ្ជាប់ទៅនឹងស្ថាបត្យកម្ម និង ក្បាច់រចនាបែបបុរាណខ្មែរ ដែលបានបន្សល់ទុកជាមរតកដ៏វិសេសវិសាល តាំងពីសម័យចក្រភពអង្គរ បង្កើតបានជាតម្លៃដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន។
បណ្ឌិតសភាចារ្យរូបនេះបន្តថា សិក្ខាសាលានេះផងដែរ ជាផ្នែកមួយនៃការប្រមូលផ្តុំធនធានបញ្ញាញាណខ្មែរលើវិស័យរចនាបថ និងសំណង់ស្ថាបត្យកម្ម ដើម្បីរួមចំណែកលើកតម្កើងលក្ខណៈជាតិ និងការអភិវឌ្ឍសង្គមប្រកបដោយវិបុលភាព វឌ្ឍនភាព ភិយ្យោភាព និងសេចក្តីសុខក្សេមសាន្តក្នុងសង្គមកម្ពុជា។
តាមការសិក្សាស្រាវជ្រាវកន្លងមក បណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន បានបង្ហាញឱ្យឃើញថា ស្ថាបត្យកម្មខ្មែរ គឺមានការវិវត្ត និងរីកចម្រើនឥតឈប់ឈរ ពីសម័យមួយទៅសម័យមួយ ហើយកាន់តែលូតលាស់ជាលំដាប់ទៀតផង។ ដូចនេះឆ្លុះបញ្ចាំងថា ស្ថាបត្យករ ខ្មែរគឺមានទេពកោសល្យខ្ពង់ខ្ពស់បំផុត ក្រៅពីទេពកោសល្យ ខាងការផ្សែផ្សំ ធ្វើសំយោគ ពីសិល្បៈបរទេស និង សិល្បៈខ្មែរជំនាន់មុនស្ថាបត្យករខ្មែរបានបង្កើតចេញនូវសិល្បៈថ្មីមួយទៀត ដែល មានទម្រង់ជាសិល្បៈខ្មែរស្របតាមទស្សនៈខ្មែរសុទ្ធសាធ ទៀតផង។
បើតាមលោកព្រឹទ្ធាចារ្យ ឡោ សាន វីរៈសិល្បករ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់អំពីទេពកោសល្យដ៏វិសេសវិសាល របស់បុព្វបុរសខ្មែរ នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរបុរាណ។
លោកព្រឹទ្ធាចារ្យ បានលើកឡើងអំពីការវិវត្ត និងរីកចម្រើនឥតឈប់ឈរនៃស្ថាបត្យកម្មខ្មែរពីសម័យមួយទៅសម័យមួយ ដែលបានឆ្លុះបញ្ចាំងអំពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់ស្ថាបត្យករខ្មែរបុរាណ។
លោកបណ្ឌិតសភាចារ្យ បានលើកឡើងបន្តថា «ក្រៅពីទេពកោសល្យខាងការផ្សែផ្សំ ធ្វើសំយោគពីសិល្បៈបរទេស និង សិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតចេញនូវសិល្បៈថ្មីមួយទៀតដែលមានទម្រង់ជាសិល្បៈខ្មែរ ស្របតាមទស្សនៈខ្មែរសុទ្ធសាធទៀតផង»។
លោកព្រឹទ្ធាចារ្យ ឡោ សាន បានគូសបញ្ជាក់បន្ថែម ដោយបានលើកឡើងជាឧទាហរណ៍ថា នៅសម័យភ្នំដា ខ្មែរបានលុងភ្នំ ធ្វើជាប្រាសាទតាមទម្រង់ នៃសិល្បៈឥណ្ឌា តែក្រោយមកស្ថាបត្យករខ្មែរបានច្នៃប្រឌិតពីជំនឿគោរពនៅលើទីខ្ពស់ ដូចជាភ្នំធម្មជាតិមកជំនួស ដោយការកសាងប្រាសាទភ្នំនៅលើដីរាបទៅវិញ ជាក់ស្តែងការសាងសង់ប្រាសាទនៅសម័យឧដុង្គ។
ជាការពិតណាស់ ទស្សនៈគោរពទីខ្ពស់នេះខ្មែរមានរួចមកហើយ តាំងពីបុរេប្រវត្តិមកម៉្លេះ ហើយលុះដល់ពេលដែលឥណ្ឌាចូលមកដល់ស្រុកខ្មែរ ក៏ជំរុញឱ្យទស្សនៈទាំងពីរដែលស្របគ្នានេះរឹតតែមានឥទ្ធិពលខ្លាំងឡើងថែមទៀត ហើយវប្បធម៌ដែលខ្មែរបានបង្កើត គឺជាការច្នៃប្រឌិតទាញយកអរិយធម៌បរទេស ដែលមានលក្ខណៈប្រហាក់ប្រហែលអាចច្របាច់បញ្ចូលគ្នាបាន មកធ្វើការកែច្នៃនិងបង្កើតថ្មី ឱ្យលក្ខណៈជាព្រលឹងនៃវប្បធម៌ខ្មែរ តាមបែបខ្មែរ។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានផ្សព្វផ្សាយ ជាអត្ថបទពិគ្រោះយោបល់ និងបានជាអនុសាសន៍ រួមវិភាគទានដ៏មានតម្លៃ សម្រាប់ជាប្រយោជន៍ ទៅដល់ស្ថាបត្យករ ខ្មែរឱ្យមានទេពកោសល្យ ការច្នៃប្រឌិតខ្ពស់មានទេព កោសល្យខាងការផ្សែផ្សំធ្វើសំយោគពីសិល្បៈបរទេស និងសិល្បៈខ្មែរជំនាន់មុនៗ ដើម្បីបង្កើតចេញនូវសិល្បៈថ្មីមួយ ដែលមានទម្រង់ជាសិល្បៈខ្មែរ ជាប្រទីបបំភ្លឺផ្លូវសង្គមកម្ពុជា ឱ្យមានការអភិវឌ្ឍឥតឈប់ឈរ ប្រកបដោយវឌ្ឍនភាព រីកចម្រើន និងសេចក្ដីរុងរឿងជានិរន្តរ៍៕