(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ និងជម្រាបលាពីលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក្នុងខណៈដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ដូចជាពិភាក្សាលើការបន្តពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលី។ ជំនួបនេះធ្វើឡើង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជន និងរាជរដ្ឋាភិបាលអូស្រ្តាលី ដែលប្រទេសអូស្រ្តាលី គឺជាដៃគូដ៏សំខាន់ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក ។ សមិទ្ធិផលដែលកម្ពុជាទទួលបាន គឺមិនអាចកាត់ផ្តាច់ពីការគាំទ្រ របស់រដ្ឋាភិបាលអូស្រ្តាលី ក៏ដូចលោកស្រីឯកអគ្គរដ្ឋទូតផ្ទាល់ ក្នុងអាណត្តិការងារការទូតរបស់លោកស្រីនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជាក់ស្តែងអូស្រ្តាលី បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធីកែទម្រង់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការ របស់អូស្រ្តាលីឲ្យស្របទៅនឹងយុទ្ធសាស្រ្ត អភិវឌ្ឍន៏ជាតិនានារបស់កម្ពុជា ជាពិសេសការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, កិច្ចកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា។
នាឱកាសនេះដែរ លោកស្រី Angela Corcoran បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្ដល់កិច្ចសហប្រតិបត្ដិការ យ៉ាងល្អប្រសើរពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងរយៈពេល០៣ឆ្នាំ ដែលលោកស្រីបានមកបំពេញបេសកកម្មការទូត នៅកម្ពុជា ដែលបានជំរុញឲ្យបេសកកម្មការទូត របស់លោកស្រីទទួលបានជោគជ័យ ដ៏ត្រចះត្រចង់មកដល់ថ្ងៃនេះ។ លោកស្រីផ្ទាល់ គឺជាសាក្សីនៃការរីកចម្រើនដ៏ឥតឈប់ឈរ របស់កម្ពុជានាពេលបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ដែលការសម្រេចបានទាំងនេះ គឺកើតមកពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដាក់ចេញ និងការអនុវត្តកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ។
លោកស្រីក៏បានវាយតម្លៃខ្ពស់ អំពីចំណងទាក់ទងយ៉ាងរឹងមាំរវាងប្រជាជន និងប្រជាជន (people to people connection) រវាងប្រទេសទាំងពីរ តាមរយៈចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងអូស្រ្តាលី ក៏ដូចជានិស្សិតកម្ពុជាជាច្រើនដែលកំពុង បន្តការសិក្សានៅក្នុងប្រទេសអូស្រ្តាលីជាដើម ។
ភាគីទាំងពីរ ក៏បានផ្តោតការពិភាក្សាជាសង្ខេប លើកិច្ចសហប្រតិបត្តិការរបស់អូស្រ្តាលីនៅក្នុងតំបន់ និងសកល ក៏ដូចជា ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីៗ របស់ប្រទេសអូស្រ្តាលីក្រោមកម្មវិធី/គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ដើម្បីឲ្យកម្មវិធី/គម្រោងអភិវឌ្ឍន៍ទាំងនោះ ឆ្លើយតបទៅតាមអាទិភាព និងតម្រូវការជាក់ស្តែងរបស់ប្រជាជន កម្ពុជា ដូចជាវិស័យកសិកម្ម, ផលិតផលកសិកម្មកែច្នៃ, ខ្សែច្រវ៉ាក់ផលិតផលកសិកម្មដែលមានតំម្លៃបន្ថែម, កំណែ ទម្រង់ផ្សេងទៀតបន្ថែមសំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងទាក់ទាញវិនិយោគិនអូស្រ្តាលី ក៏ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរលោកស្រី Angela Corcoran ឲ្យទទួលបានជោគជ័យក្នុងតួនាទីថ្មីរបស់លោកស្រីនាពេលខាងមុខ និងបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី៕