(ភ្នំពេញ)៖ យុវតី អេង ច័ន្ទអេលីហ្សា អាយុ១៥ឆ្នាំ សិក្សាថ្នាក់ទី១០ បានឆ្លងកាត់កម្មវិធីប្រឡង World Scholar’s Cup Competition ជា៣ដំណាក់កាល ដោយបានឈ្នះនូវមេដាយ ចំនួន ៨ នៅអូស្ដ្រាលី និងសហរដ្ឋអាមេរិក ដែលនេះធ្វើឲ្យឪពុកម្តាយ និងសង្គមជាតិ ពិតជាមានមោទនភាព និងកិត្តិយស។
ការប្រឡងនេះ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ, ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅ KINCOPPAL ROSE BAY SCHOOL ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី និងដំណាក់កាលផ្តាច់ព្រ័ត្តចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យយែល (Yale University) សហរដ្ឋអាមេរិក។
ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្តនេះ មានសិស្សានុសិស្សមកពីបណ្តាប្រទេសចំនួន៨២ប្រទេស ចូលរួមសរុបចំនួនជា១,៥០០នាក់ ធ្វើឡើងក្រោមប្រធានបទ «World on the Margins»។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍នូវដំណាក់កាលទី១ និងដំណាក់កាលទី២ ការប្រឹងប្រែងបំពេញបន្លែមនូវចំណុចខ្វះខាតពិតជាទទួលបាននូវ លទ្ធផលជាទីមោទនភាពចំពោះគ្រួសារ និងប្រទេសជាតិលើឆាកអន្តរជាតិ នូវអ្វីដែលកូនខ្មែរធ្វើបាន ជាមួយមេដាយមាសចំនួន១ និងមេដាយប្រាក់ ចំនួន៧។
ទន្ទឹមនឹងគ្នានោះដែរ ភាពក្លាហាន និងការទទួលខុសត្រូវ គួរឲ្យកោតសរសើរដែលកូនស្រីម្នាក់នេះ បានរៀបចំសំបុត្រ លិខិតស្នាម និងជាពិសេស ការធ្វើដំណើរតាមយន្តហោះជាច្រើនម៉ឺនគីឡូម៉ែត្រដោយខ្លួនឯង។ នេះបានសរបញ្ជាក់ ពីសមត្ថភាពចំណេះដឹងរបស់កូនខ្មែរ ក៏ដូចជាជោគជ័យ នៃវិស័យអប់រំនៅកម្ពុជា ដែលយុវសិស្សមានសមត្ថភាពដណ្តើមបានមេដាយកម្រិតពិភពលោក។
បន្ទាប់ពីបង្ហាញនូវអារម្មណ៍រីករាយ យុវតី អេង ច័ន្ទអេលីហ្សា បានបញ្ជាក់នូវសេចក្តីដឹងគុណ ដល់អ្នកមានគុណទាំងពីរ ព្រមទាំងលោកយាយ លោកតា បងប្អូន លោកគ្រូ អ្នកគ្រូ ដែលតែងតែអប់រំទូន្មានប្រៀនប្រដៅឲ្យប្រតិបត្តិអំពើល្អ ខិតខំសិក្សារៀនសូត្រ និងតែងតែជួយ ផ្តល់កម្លាំងចិត្តជារៀងរហូត។
ជាមួយគ្នានោះដែរ យុវតី អេង ច័ន្ទអេលីហ្សា ក៏បានថ្លែងអំណរគុណចំពោះ អ៊ុ ពូ មីង ដែលរស់នៅសហរដ្ឋអាមេរិក ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងចំណាយពេលវេលា ផ្តល់អាហារឆ្ងាញ់ៗ និងកន្លែងស្នាក់មានផាសុកភាពនៅផងដែរ។
លើសពីនេះ យុវតី អេង ច័ន្ទអេលីហ្សា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ ទាំងអក្សរសាស្រ្តជាតិ វិទ្យាសាស្រ្ត និងភាសាបរទេសផង ដើម្បីជាស្ពានចម្លងធ្វើឲ្យយើងមើលឃើញពិភពលោកនៅជិតៗ និងឈានទៅរៀនសូត្រស្វែងយល់ពិភពលោកខាងក្រៅ សម្ដៅកសាងសមត្ថភាពឲ្យបានល្អឆ្នើមរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត។
ជាមួយគ្នានេះដែរ លោក អេង ប៉ូឡួ អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន ដែលជាឪពុកបង្កើតរបស់យុវតី អេង ច័ន្ទអេលីហ្សា ក៏បានបង្ហាញនូវ មោទនភាពផងដែរ នៅពេលកូនស្រីមានសមត្ថភាពខ្ពស់ រហូតឈ្នះបានមេដាយមាស និងមេដាយប្រាក់ជាច្រើន ពីការប្រលងប្រកួតប្រជែងចុងក្រោយ នៅសហរដ្ឋអាមេរិក កន្លងទៅនេះដែលមានជិត១០០ប្រទេសចូលរួម ក៏កូនស្រីធ្វើបានដោយទទួលនូវលទ្ធផលល្អប្រសើរ។
លោកក៏សូមអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងដឹកនាំជាមួយ សុខសន្តិភាព ដែលបានធ្វើឲ្យការកសាងធនធានមនុស្ស កាន់តែមានភាពប្រសើរ និងសម្បូរបែប ជាក់ស្តែងកូនសិស្សខ្មែរ ជាច្រើនអាចឈានជើងចូលរួមប្រឡងប្រកួតប្រជែងនៅកម្រិតអន្តរជាតិ ជាមួយលទ្ធផលល្អប្រសើរទៀតផង៕