(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩នេះ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបញ្ចប់សវនាការរយៈពេល៣ថ្ងៃនៅក្នុងសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត។ នេះបើតាមសេចក្តីប្រកាសរបស់ សាលាក្តីខ្មែរក្រហម។

សហព្រះរាជអាជ្ញាអន្តរជាតិ សហព្រះរាជអាជ្ញារងជាតិ និងសហមេធាវីការពារក្តីជាតិ-អន្តរជាតិ បានបង្ហាញទឡ្ហីករណ៍របស់ខ្លួននៅក្នុងសំណុំរឿងនេះ។ អង្គបុរេជំនុំជម្រះបានសម្រេចតាមការស្នើសុំរបស់ មាស មុត ដោយមាស មុត បានផ្តល់ជូនអង្គបុរេជំនុំជម្រះនូវលិខិតបញ្ជាក់សុខភាពដែលបញ្ជាក់ថា ដោយសារមូលហេតុវ័យចំណាស់ និងសុខភាពខ្សោយ គាត់មិនមានកាយសម្បទាគ្រាប់គ្រាន់នឹងចូលរួមសវនាការឡើយ។ គាត់មានសហមេធាវីតំណាងគាត់នៅក្នុងសវនាការនេះ។

អង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិ និង សហមេធាវីការពារក្តីអោយ មាស មុត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ និង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ជាបន្តបន្ទាប់ ប្រឆាំងនឹងដីកាដំណោះស្រាយដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៣ និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់ មាស មុត ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៣។

របាយការណ៍សំណុំរឿងមួយ ដែលបង្ហាញអំពីអង្គហេតុនិងប្រវត្តិនីតិវិធីពាក់ព័ន្ធនៅក្នុងសំណុំរឿង ០០៣ ព្រមទាំងសេចក្តីលម្អិត នៃបណ្តឹងឧទ្ធរណ៍នៅចំពោះមុខអង្គបុរេជំនុំជម្រះ ត្រូវបានចេញក្នុងនាមអង្គបុរេជំនុំជម្រះទាំងមូល។

សំណៅជាសាធារណៈ ដោយមានការកោសលុបនៃរបាយការណ៍នេះ អាចរកមើលបានតាមរយៈគេហទំព័រ៖
https://eccc.gov.kh/sites/default/files/documents/courtdoc/%5Bdate-in-tz%5D/D266_15_KH-Redacted.PDF

អង្គបុរេជំនុំជម្រះ នឹងធ្វើការសម្រេចថាតើ មាស មុត ត្រូវតាមលក្ខខណ្ឌតម្រូវ នៃយុត្តាធិការរបស់តុលាការដែរឬអត់ និងថាតើមានបទចោទគ្រប់គ្រាន់ដើម្បីបញ្ជូនគាត់ទៅជំនុំជម្រះចំពោះឧក្រិដ្ឋកម្មតាមការចោទប្រកាន់ ឬ ការចោទប្រកាន់ប្រឆាំងនឹងគាត់នឹងត្រូវលើកលែងចោទ។ សម្រាប់ពេលឥឡូវនេះ អង្គបុរេជំនុំជម្រះ នឹងធ្វើការពិចារណាដើម្បីចេញសាលដីកាសម្រេច។ សាលដីកាសម្រេចនេះគឺជាសាលដីកាស្ថាពរ មិនមានបណ្តឹងឧទ្ធរណ៍បន្ថែមទៀតទេ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រហម៖