(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញសារាចរណែនាំស្ដីពី ការចាត់វិធានការ ថែរក្សាទឹកទុក។
ក្រោយមានសារាចរណែនាំនេះភ្លាម រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បានបែងចែកភារកិច្ចជាបន្ទាន់ ដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់ ឲ្យចុះតាមមុខព្រួញ ដើម្បីផ្សព្វផ្សាយពីសារាចរនេះ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ហើយឲ្យបន្ដផ្សព្វផ្សាយទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៅទូទាំងប្រទេស។
មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះថា ពេញមួយសប្ដាហ៍នេះ រដ្ឋមន្ដ្រីក្រសួងធនធានទឹក ដែលទទួលមុខព្រួញទូទាំងប្រទេស និងថ្នាក់ដឹកនាំក្រសួងទាំងអស់ បានចុះទៅតាមគោលដៅរៀងៗខ្លួនទាំង ២៥រាជធានី-ខេត្ត សហការជាមួយរដ្ឋបាលខេត្ត បើកកិច្ចប្រជុំធ្វើការផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាលើវិធានការថែរក្សាទឹកទុក ដោយសារតែប្រទេសកម្ពុជា នឹងគ្រោះរាំងស្ងួត នារដូវប្រាំងខាងមុខ។
មន្ដ្រីជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ទៀតថា ពេលចុះយុទ្ធនាការនៅតាមរាជធានី-ខេត្តនោះ គឺមានការឧបត្ថម្ភ និងកិច្ចសហការបានយ៉ាងល្អប្រសើរ ពីសំណាក់ថ្នាក់ដឹកនាំ រាជធានី-ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ រហូតដល់សហគមន៍ និងថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរជំនាញផងដែរ។
ក្នុងសារាចរណែនាំ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ស្ថានភាពបែបនេះដោយសារតែ យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្ដែង បានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ ( El Nino ) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង, រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ, របាយទឹកភ្លៀង មានភាពរអាក់រអួលមិនស្មើគ្នា, របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។
បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូតអែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេលកន្លងមកបានរក្សាទឹកទុកស្ទើរ តែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា, ស្រូវរដូវប្រាំង២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី។
យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើរាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖
*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជាទឹក នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕