(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការរៀបចំបុណ្យសមុទ្រថ្នាក់ខេត្ត បានបន្តជំរុញអនុវត្តគម្រោងផែនការឱ្យបានសម្រេចលទ្ធផលឆាប់រហ័ស ពាក់ព័ន្ធពិធី រៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩។
ការជំរុញបែបនេះ ធ្វើឡើងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យសមុទ្រថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្តកំពត។ ដឹកនាំកិច្ចប្រជុំ ដោយលោកអភិបាលខេត្តកំពត និងចូលរួមពីសំណាក់មន្ត្រីដឹកនាំនិងសមាជិកសមាជិកា ក្នុងជួរគណៈកម្មការអនុគណៈកម្មការរៀបចំវិធីបុណ្យសមុទ្រថ្នាក់ខេត្ត។
តាមរបាយការណ៍លទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តកំពត គឺអនុគណៈកម្មការនីមួយៗ ក្នុងនោះ ការកែលំអសោភ័ណ្ឌភាពទីក្រុងកំពត រួមមាន៖ ការសាងសង់បង្គន់អនាម័យ ការដាំដើមឈើ ការរៀបចំជួសជុលកែលម្អសួនច្បារក្នុងទីក្រុង ការរៀបចំតុបតែងអំពូលភ្លើងសាធារណៈតាមផ្លូវ ទីកន្លែងប្រារព្ធពិធីកីឡាដ្ឋានខេត្ត ស្ថាបនាឡើងវិញផ្លូវបេតុង ការតម្លើងប៉ាន់ណូអិលអ៉ីឌី ដើម្បីផ្សព្វផ្សាយពីសក្ដានុពលខេត្ត ការកែលម្អខ្លោងទ្វារបុណ្យសមុទ្រការងាររៀបចំវិថីម្ហូបអាហារ ការតបណ្ដាញទឹកភ្លើងប្រព័ន្ធបង្ហូរសំណល់រឹង រាវជួសជុលកន្លែងផ្លូវចូលក្រុង រួមនិងការងារចាំបាច់សំខាន់ៗមួយចំនួនផ្សេងទៀត។
លោក ជាវ តាយ អភិបាលខេត្តបានលើកបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩នេះដែរ ខេត្តកំពត ត្រូវធ្វើជាម្ចាស់ផ្ទះនោះ គឺកាន់តែខិតចូលមកដល់ហើយ ដូច្នេះកិច្ចប្រជុំពេលនេះគឺជាកិច្ចប្រជុំលើកទី៤ ក្នុងនាមគណៈកម្មការរៀបចំបុណ្យសមុទ្រថ្នាក់ខេត្ត បន្ទាប់ពីមានកិច្ចប្រជុំកន្លងមក របស់គណៈកម្មការអន្តរក្រសួងថ្នាក់ជាតិ មានចំនួន៥លើករួចហើយដែរ។ ហើយកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នឹងបន្តប្រជុំនៅថ្ងៃទី៥ ធ្នូ បន្តទៀតក្រោមអធិបតីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យសមុទ្រនៅពេលខាងមុខនេះ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះ ក្នុងគោលបំណងរួមគ្នាពិនិត្យឡើងវិញនូវលទ្ធផលអ្វីៗ ដែលរដ្ឋបាលខេត្ត បានរៀបចំគម្រោងអនុវត្តកន្លងមក និងនៅសេសសល់ ក្នុងការអនុវត្តរបស់អនុគណៈកម្មការទាំង៦ ក៏ដូចរដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ការរៀបចំពិធីបុណ្យសមុទ្រនេះ។
លោកអភិបាលខេត្ត ក៏បានសំណូមពរឱ្យមានការចូលរួមសហការ ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ជំរុញការចូលរួម អនុវត្តតាមតួនាទីភារកិច្ចបែងចែកនិងការងារផ្សេងៗទៀត រួមមាន ការងារសិល្បៈ ក្រុមកីឡាផ្សេងៗ ក្រុមក្បួនព្យុះហយាត្រា ការរៀបចំតុបតែងលម្អក្រុង ការតុបតែងភ្លើងការរៀបចំប្រទីប ការត្រៀមរៀបចំពិព័រណ៍ និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ជាដើម ដោយធ្វើយ៉ាងណា ឲ្យការងារដែលអនុគណៈកម្មការនីមួយៗ ទទួលគម្រោងផែនការអនុវត្តនោះ ឲ្យសម្រេចបានលទ្ធផលឆាប់រហ័ស តាមគម្រោងផែនការ ដែលបានរំពឹងទុក ដើម្បីឲ្យព្រឹត្តិការណ៍នៃពិធីបុណ្យដ៏ធំមួយនេះ មានភាពកាន់តែល្អ និងមានការគាំទ្រចាប់អារម្មណ៍ព្រមទាំងភាពទាក់ទាញកាន់តែប្រសើរឡើង ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចប្រិយ៍មិត្តភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលត្រូវបានមកចូលរួមកម្សាន្ត ស្របតាមគម្រោងផែនការរបស់ថ្នាក់ជាតិ៕