(ភ្នំពេញ)៖ ក្រុមហ៊ុន Asian Beauty Hair Club (ABHC) នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកសម្ពោធជាផ្លូវការ នូវសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសក់ សម្ផស្ស ផ្គត់ផ្គង់ផលិតផល និងសម្ភារផ្សេងៗរបស់ខ្លួននៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹងដល់យុវជន ឲ្យមានជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការប្រកបរបប ក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ពិធីសម្ពោធជាផ្លូវការសាលាបណ្តុះបណ្តាលនេះ ដោយមានការចូលរួមជាអធិបតីភាពពីលោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ហ៊ីង ស៊ីដេត បានបញ្ជាក់ថា ការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសក់ និងសម្ផស្សនេះ គឺជាការចូលរួមចំណែកមួយ ក្នុងវិស័យអភិវឌ្ឍន៍ លើធនធានមនុស្សមួយចំណែក ដែលនៅក្នុងប្រទេសកម្ពុជា ហើយស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើវិស័យអភិវឌ្ឍន៍លើធនធានមនុស្សនេះផងដែរ។
លោក ឡាប វិបុល សមាជិកស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Asian Beauty Hair Club បានថ្លែងថា ការពង្រីកនូវសក្តានុពលនៃសេវាកម្មសាឡន ដែលទាមទារឲ្យមានការផ្គត់ផ្គង់ នូវធនធានមនុស្ស និងផលិតផលដែលចាំបាច់ សម្រាប់ការផ្តល់ជូនដល់អតិថិជន ជាមួយបរិបទដ៏ទាក់ទាញនេះ ក្រុមហ៊ុន អេប៊ីអេចស៊ី ឯក បានសម្រេចដាក់ទុនវិនិយោគ ក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសក់ សម្ផស្ស ផ្គត់ផ្គង់ផលិតផល និងសម្ភារៈសម្រាប់សាឡន ដែលមានគុណភាព លឆ្លើយតបទៅតាមតម្រូវការរបស់ជាងកាត់សក់ និងរចនាសម្ផស្ស។
លោកបានបន្តថា ក្រុមហ៊ុននឹងធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំឲ្យការបណ្តុះបណ្ដាលដែលមានស្តង់ដារអឺរ៉ុបមួយនេះ ឲ្យត្រូវតាមប្រព័ន្ធគុណវឌ្ឍនរបស់កម្ពុជា និងប្រព័ន្ធគុណវឌ្ឍនកម្រិតតំបន់ អាជីពជាងសក់ដែលកំពុង បម្រើការងារក្នុងវិស័យនេះ និងអ្នកដែលចាប់អារម្មណ៏ ចង់ប្រកបមុខរបរក្នុងវិស័យនេះ។
លោកបានបន្ថែមថា ជាមួយការរីកចម្រើនវិស័យសក់ និងសម្ផស្សមួយ រយៈពេលចុងក្រោយនេះ បានធ្វើឲ្យមានការប្រែប្រួល ក្នុងការចាប់អារម្មណ៏របស់ប្រជាជនកម្ពុជា ទៅលើតម្រូវការសម្រស់ ដែលប្រកបដោយគុណភាពទាំងសេវាកម្ម និងផលិតផល។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យសាឡនហាងសេវាកឬសក់ ក្នុងប្រទេសកម្ពុជាប្រឹងប្រេងអភិវឌ្ឍន៍ ទាំងគុណភាពសេវាកម្ម និងភាពសមរម្យ សម្រាប់ទទួលស្វាគមន៍ភ្ញៀវដែលកំពុងមានតម្រូវការ ដែលយើងអាចមើលឃើញ តាមរយៈការវិនិយោគ និងពង្រីកនូវសេវាកម្មសាឡនសក់ថ្មជាច្រើន ក្នុងកម្ពុជាទាំងមូល៕