(បាត់ដំបង)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកបាត់ដំបង បានផ្សព្វផ្សាយប្រកាសក្រសួងស្តីពី ការអភិវឌ្ឍន៍ដីដល់ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ក្រុងស្រុក បានយល់ដើម្បីយកទៅផ្សាយបន្តដល់ប្រជាពលរដ្ឋ ដែលជាវិនិយោគិនលើវិស័យដីធ្លី នៅតាមមូលដ្ឋានក្រុងស្រុករបស់ខ្លួន ដើម្បីចៀសវាងកុំឲ្យមានការប៉ះពាល់ មិនត្រូវតាមគោលការណ៍លក្ខខណ្ឌជំនាញ និងមានទំនាស់វិវាទគ្នាផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាក្រុងបាត់ដំបង ក្រោមវត្តមានលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ក្រុងស្រុកក្នុងខេត្តចូលរួមផងដែរ។

លោក សួន សុភា អនុប្រធានរៀបចំដែនដីខេត្ត បានឡើងមតិ និងបញ្ជាក់ធ្វើបទបង្ហាញលើស្លាយដល់អង្គផ្សព្វផ្សាយដោយបានបញ្ជាក់ថា ការអភិវឌ្ឍដីត្រូវមានលិខិតអនុញ្ញាតជាមុន ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរៀបចំដែនដី និងនគរូបនីយកម្ម និងជាគ្រឹះ នៃភាពស្របច្បាប់នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍដី។

លោកបន្តថា ការអភិវឌ្ឍដីក្នុងគោលបំណងពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម ត្រូវមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ ទោះបីគម្រោងនេះស្ថិតក្នុងតំបន់ជនបទដាច់ស្រយាល ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់បេតិកភណ្ឌជាតិក៏ដោយមានចំណុចសំខាន់ៗដូចជា៖

*ការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដី ត្រូវបង់កម្រៃសេវាសាធារណៈជូនរដ្ឋ ស្របតាមប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែ
នដី នគរូបនីយកម្ម និងសំណង់
*ការកំណត់កម្រៃសេវាសាធារណៈសម្រាប់ការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី ត្រូវអនុវត្តតាមអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពី នគរូបនីយកម្ម រាជធានីក្រុង និងទីប្រជុំជន។

លោក សួន សុភា បានបន្តថា ការអភិវឌ្ឍដីដែលតម្រូវឱ្យមានលិខិតអនុញ្ញាតជាមុន ពីអាជ្ញាធរមានសមត្ថកិច្ច មានជាអាទិ៍៖

*ការប្តូរប្រភេទ នៃការប្រើប្រាស់ដីដើម្បីគម្រោងសាងសង់
*ការអភិវឌ្ឍដីដើម្បីគម្រោងកែសម្រួលក្បាលដី
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងបែងចែកជាដីឡូត៍
*ការអភិវឌ្ឍដីដើម្បីកែប្រែរចនាសម្ព័ន្ធដី
*ការអភិវឌ្ឍដីដើម្បីគម្រោងអភិវឌ្ឍទីក្រុង
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់លំនៅឋានឬបុរី និងអគារស្នាក់នៅ
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់ពាណិជ្ជកម្មនិង/ឬសេវាកម្ម និងតំបន់ចម្រុះ
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់ឧស្សាហកម្ម សួនឧស្សាហកម្ម និងរោងចក្រ
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍
*ការអភិវឌ្ឍដីដើម្បីរៀបចំគម្រោងអភិវឌ្ឍនានា។

លោក អ៊ូ ដារី បានបញ្ជាក់ថា ការអភិវឌ្ឍដី ដែលតម្រូវឲ្យមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច គឺការប្តូរប្រភេទ នៃការប្រើប្រាស់់ដីដើម្បីគម្រោងសាងសង់ គម្រោងកែសម្រួលក្បាលដី ការរៀបចំគម្រោងបែងចែកជាដីឡូតិ៍ ការកែប្រែរចនាសម័្ពន្ធដី គម្រោងអភិវឌ្ឍន៍ទីក្រុង គម្រោងអភិវឌ្ឍន៍តំបន់លំនៅដ្ឋាន ឬបុរី និងអគារស្នាក់នៅ គម្រោងតំបន់ឧស្សាហកម្ម សួនឧស្សាហកម្ម និងរោងចក្រ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស គម្រោងអភិវឌ្ឍន៍រចនាសម្ព័ន្ធទីក្រុង គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ហើយរាល់គម្រោងផែនការអភិវឌ្ឍដី ត្រូវតែគោរពលក្ខខណ្ឌច្បាប់ គឺត្រូវរក្សាទុកផ្ទៃដី២៥% នៃផ្ទៃដីសរុប សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា បណ្តាញផ្លូវសាធារណៈ បរិក្ខាសាធារណៈ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូរំដោះទឹកភ្លៀង បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ និងត្រូវរក្សាទុកផ្ទៃដី ១០%នៃផ្ទៃដីសរុប សម្រាប់រៀបចំលំហសាធារណៈ និងផ្ទៃបៃតង ដូចជាសួនសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡា និងទីលានកម្សាន្តជាដើម។

លោកប្រធានមន្ទីរ បានណែនាំប្រធានការិយាល័យក្រុងស្រុកទាំងអស់ ក្រោយពីបានទទួលការណែនាំនៃប្រកាសក្រសួងនេះ ហើយពេលត្រឡប់ទៅវិញ យកទៅផ្សព្វផ្សាយបន្តព្រមទាំងយកទៅអនុវត្ត ការងារនេះ ឲ្យបានត្រឹមត្រូវតាមច្បាប់ និងមានប្រសិទ្ធភាពខ្ពស់៕