(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា យន្តការមជ្ឈមណ្ឌលសម្របសម្រួល ក្រោមគម្រោងសុវត្ថិភាពទន្លេមេគង្គ (SMCC) គឺជាយន្តការអនុវត្តច្បាប់ជួរមុខ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលមានប្រភព មកពីតំបន់ត្រីកោណមាស។
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញ ជាអធិបតីភាពបិទមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC) បន្ទាប់ពីបានដំណើរការអស់រយៈពេល៣ខែ (គិតចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩) ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈប្រតិភូស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសសមាជិក គម្រោងសម្របសម្រួលសុវត្ថិភាពទន្លេគង្គទាំង០៦ (ចិន ភូមា ឡាវ ថៃ វៀតណាម និងកម្ពុជា)។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យន្តការមជ្ឈមណ្ឌលសម្របសម្រួលក្រោមគំរោងសុវត្តិភាពទន្លេមេគង្គ (SMCC) ដែលមានសមាជិកចំនួន៦ ប្រទេសនាពេលនេះ គឺជាយន្តការ អនុវត្តច្បាប់ជួរមុខ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលមានប្រភព មកពីតំបន់ត្រីកោណមាស»។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានបន្តថា យន្តការ SMCC នាពេលនេះ បានក្លាយទៅជាវេទិការអនុវត្ត ច្បាប់ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការរួមសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ក៏ដូចជាអង្គការចាត់តាំងឧក្រិដ្ឋកម្ម ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងតំបន់របស់យើង។ SMCC បានចែករម្លែកនូវបទពិសោធន៍ ព័ត៌មាន និងមុខសញ្ញាជួញដូរគ្រឿងញៀន រួមទាំងអង្គការចាត់តាំង នៃក្រុមឧក្រិដ្ឋជនឱ្យគ្នាទៅវិញទៅមក ដើម្បីបង្ក្រាបទាន់ពេលវេលា។
នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា រយៈពេល៣ខែដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ យើងបានសហប្រតិបត្តិការ គ្នាយ៉ាងជិតស្និទ ក្នុងការកំណត់អត្តសញ្ញាណជនល្មើស ចែករម្លែកព័ត៌មានស្តីពីការវេចខ្ចប់ ការលាក់គ្រឿងញៀន រួមទាំងនិន្នាការគំរាមកំហែងថ្មីៗ នៃគ្រឿងញៀន ដូចដែលមានក្នុង របាយការណ៍ដែលបានរាយការណ៍ជូននៅក្នុងកិច្ចប្រជុំមុននេះបន្តិច។
បើតាមរបាយការណ៍របស់អង្គការ UNODC បានឱ្យដឹងថា ទីផ្សារគ្រឿងញៀន សំយោគនៅក្នុងតំបន់មានការកើនឡើង។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ នៅក្នុងតំបន់បានពង្រីកខ្លួនកាន់តែធំជាងមុន ក្នុងការចរាចរជួញដូរគ្រឿងញៀន និងចែកផលចំណេញឱ្យគ្នាទៅវិញទៅមក។ ភាពសុទ្ធ នៃគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនកាន់តែខ្ពស់ និងមានតម្លៃថោកជាងមុន ដែលនេះបញ្ជាក់ឱ្យឃើញថា ការជួញដូរសារធាតុគីមីផ្សំ ដើម្បីផ្គត់ផ្គង់ ទៅកាន់ទីតាំងផលិតគ្រឿងញៀនមិនទាន់ ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៅឡើយ។ វិធានការទប់ស្កាត់នានា តាមរយៈកិច្ចសហប្រតិបត្តិការ ឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់, (ការជួញដូរសារធាតុគីមីផ្សំ ការលាងលុយកខ្វក់) នៅមិនទាន់បានត្រួតពិនិត្យ ប្រកបដោយគុណភាពនៅឡើយទេ៕