(ភ្នំពេញ)៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកវិនិយោគចិន ដែលមិនទាន់បានមកកម្ពុជា ជាពិសេសវិនិយោគគិន ខេត្តសានស៊ី សូមមកសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសពិធីបើកវេទិកាជំរុញធុរកិច្ច និងវប្បធម៍កម្ពុជា-ចិន (សានស៊ី) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក Wu Fujie អនុប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ខេត្តសានស៊ី រួមជាមួយគណៈប្រតិភូចិន មកពីខេត្តសានស៊ី និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
លោក សំ សិរីរតន៍ បានលើកឡើងថា លោកធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយិគ ពិសេសគឺសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកបានឲ្យដឹងថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើវិស័យនានា ទាក់ទងនឹងពាណិជ្ជកម្មជាច្រើនដូចជា ការបង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងធំៗមួយចំនួននៃប្រទេសចិន, ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឲ្យកម្ពុជានូវប្រព្រឹត្តកម្ម មិនជាប់ពន្ធគយ ដែលគ្របដណ្តប់លើ៩៧% នៃបន្ទាត់ពន្ធគយសរុប, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា, ការចុះអនុស្សរណៈយោគយល់ ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់គុណភាព។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានអរគុណចំពោះអ្នកវិនិយោគចិន ដែលមានការជឿទុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចចិត្តដាក់ទុនវិនិយោគច្រើនជាងគេ នៅកម្ពុជា។ ជាក់ស្តែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ដែលមានផ្ទៃដីសរុប១,១១៤ហិចតា មានក្រុមហ៊ុនកំពុងវិនិយោគ សរុបចំនួន១៣១ក្រុមហ៊ុន ទំហំទុនសរុបប្រមាណ ៤៦១លានដុល្លារ ក្នុងនោះក្រុមហ៊ុនចិនមានចំនួនដល់ទៅ ១២១ក្រុមហ៊ុន ស្មើនឹង ៩២.៣៦%។ សូចនករទាំងនេះ ជាលទ្ធផល និងជាកត្តាលិករ នៃការសិក្សារស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅប្រទេសកម្ពុជា។
សូមបញ្ចាក់ថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន ក្នុងឆ្នាំ២០១៨ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧,៣០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជា ទៅចិន មានទំហំទឹកប្រាក់ជាង ១,៣០០លានដុល្លារអាមេរិក និងការនាំចេញពីចិនមកកម្ពុជាមានទំហំទឹកប្រាក់ជាង ៦,០០០លានដុល្លារអាមេរិក៕