(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបបានមុខសញ្ញាឆក់កាបូប ទូរស័ព្ទ ចំនួន២នាក់ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ផ្អែកតាមចម្លើយសារភាព ជនសង្ស័យទាំង២នាក់ បានឲ្យដឹងថា រូបគេធ្លាប់ធ្វើសកម្មភាពផ្ទាល់ និងការពារពីក្រោយ (បិទគូថ) ចំនួន១១ដង (សម្រេច១០ដង)។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងក្រោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានឲ្យដឹងទៀតថា ជនសង្ស័យដែលកម្លាំងជំនាញរបស់លោកបង្ក្រាបបាន ទី១៖ឈ្មោះ វង្ស រីឆាត អាយុ១៧ឆ្នាំ និងទី២៖ឈ្មោះ រិន ប៊ីណាង អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមចម្លើយសារភាព ពួកគេធ្លាប់ធ្វើសកម្មភាពចំនួន១១ដង ក្នុងនោះសម្រេចបាន១០ដង ដោយឆក់កាបូប និងទូរស័ព្ទនៅតាមដងផ្លូវ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ខាងក្រោមនេះ ជាទីតាំង និងពេលវេលាដែលពួកគេធ្វើសកម្មភាព៖
*ទី១៖ ក្នុងអំឡុងដើមខែកក្កដា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំសាកលវិទ្យាល័យធនធានមនុស្ស
*ទី២៖ ក្នុងអំឡុងដើមខែកក្កដា ឆ្នាំ០១៩ ឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំហាងកាហ្វេ Brown សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
*ទី៣៖ ក្នុងអំឡុងដើមខែកក្កដា ឆ្នាំ២០១៩ដដែល ឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់ បានសម្រេចនៅតាមបណ្ដោយផ្លូវ៣១០ ជិតដល់លូទឹកស្អុយ
*ទី៤៖ ក្នុងអំឡុងចុងខែសីហា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំផ្លូវ៦៣ ក្បែរធនាគារ ABA
*ទី៥៖ ក្នុងអំឡុងចុងខែសីហា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំស្ដុបអគារ៤២ជាន់ ក្នុងខណ្ឌបឹងកេងកង
*ទី៦៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់កាបូបពីជនជាតិចិនម្នាក់ បានសម្រេចមានលុយជាង៣,៥០០ដុល្លារ នៅម្ដុំហាងកាហ្វេ Brown ផ្លូវ៥៧ ខណ្ឌបឹងកេងកង
*ទី៧៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់កាបូបពីជនជាតិចិនម្នាក់ បានសម្រេចមានលុយជាង១,០០០ដុល្លារ នៅម្ដុំហាងកាហ្វេ Brown ផ្លូវ៥៧ ខណ្ឌបឹងកេងកង
*ទី៨៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិម្នាក់ បានសម្រេចនៅម្ដុំក្លឹបលុច្សសារី ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ
*ទី៩៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិចិនម្នាក់ បានសម្រេចនៅម្ដុំសារមន្ទីរទួលស្លែង សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង
*ទី១០៖ ក្នុងអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិចិនម្នាក់ បានសម្រេចនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន
*ទី១១៖ ក្នុងអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៩ បម្រុងឆក់ទូរស័ព្ទពីនារីម្នាក់ តែឱកាសមិនល្អក៏មិនបានធ្វើសកម្មភាព នៅម្ដុំផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕