(កណ្ដាល)៖ អ្នកបើកបរបុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ពេលកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបងស្រីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តតាមផ្លូវច្បាប់។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់នេះថា ជនបង្កត្រូវបានបងស្រីបង្កើត នាំមកប្រគល់ឲ្យសមត្ថកិច្ច នៅវេលាម៉ោង០៩៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ក្រោយបើករថយន្ដបុកមន្ដ្រីនគរបាលបណ្ដាលឲ្យរងរបួស។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ កំពុងធ្វើការសួរនាំជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
បើតាមលោកឧត្តមសេនីយ៍ស្នងការ អ្នកបើករថយន្តមានឈ្មោះ សំណាន សំណាង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេក នៅមន្ទីរពេទ្យកាល់ម៉ែត បានឆ្លៀតចូលសួរសុខទុក្ខ មន្រ្តីនគរបាលចរាចរម្នាក់ ដែលត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសធ្ងន់រហូតធ្វើការវះកាត់ ក្នុងពេលកំពុងបំពេញភារកិច្ចបញ្ជាចរាចរណ៍ជូនថ្នាក់ដឹកនាំ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ជូនថា នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ។ លោកស្នងការ បានចាត់ទុកថា នេះជាកាយវិកាមិនអាចបំភ្លេចបានឡើយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំរបស់យើង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ។
សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ៕