(តាកែវ)៖ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើការស្រាវជ្រាវ និងដកហូតបានរថយន្តចំនួន ០២គ្រឿង ក្នុងទីតាំងបញ្ចាំរថយន្តខុសច្បាប់មួយកន្លែង ដែលមានម្ចាស់ឈ្មោះ ហេង ស្រីវ៉ាន ភេទស្រី អាយុ៤៦ឆ្នាំ និងឈ្មោះ ស្តើង សុខន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានទទួលបញ្ចាំរថយន្តពីជនជាតិវៀត។
យោងតាមសមត្ថកិច្ចខេត្តតាកែវ បានឲ្យដឹងថា រថយន្តដែលដកហូតបាន មានម៉ាក fortuner ពណ៌ទឹកប្រាក់ សេរី២០១៦ ពាក់ផ្លាកលេខ 68A-052.41 និងទី២ម៉ាក Fortuner ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ 68A-140.07 ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅប្រទេសវៀតណាមពីកន្លែងបញ្ចាំរថយន្តខុសច្បាប់មួយកន្លែង នៅស្រុកគីរីវង់ ហើយក៏បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងបញ្ចាំផងដែរ។
ជនសង្ស័យមានឈ្មោះ ច្រឹង ធីវី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាព ជួលរថយន្តទាំង ២គ្រឿងខាងលើពីឈ្មោះ វី ង៉ុកទៀង ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ កាវ វាំងចាំ ភេទប្រុស អាយុ៣៧ឆ្នាំ។
ពួកគេទាំង ២នាក់រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម យកទៅជិះធ្វើដំណើរកម្សាន្ត ប៉ុន្តែជនសង្ស័យបានយករថយន្តមកដាក់បញ្ចាំឱ្យឈ្មោះ ហេង ស្រីវ៉ាន ភេទស្រី អាយុ៤៦ឆ្នាំ និងឈ្មោះ ស្តើង សុខន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចបានបន្តថា ក្រោយពីមានការទាក់ទងពីសមត្ថកិច្ចវៀតណាមឲ្យជួយស្រាវជ្រាវករណីរំលោភលើសេចក្ដីទុកចិត្តនេះ សមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពត បានធ្វើការស្រាវជ្រាវ រហូតដល់រកឃើញរថយន្តទាំង ២គ្រឿង ដែលជនសង្ស័យយកមកបញ្ចាំនៅក្នុងស្រុកគីរីវង់ និងបានដករហូតរថយន្តប្រគល់ឲ្យម្ចាស់ដើមវិញ ហើយម្ចាស់ទីតាំងបញ្ចាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅស្នងការដ្ឋានខេត្តតាកែវ៕