(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៩នេះ បានបើកសវនាការប្រកាសសាលក្រមដោយសម្រេច អនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ គង់ រ៉ៃយ៉ា បាននៅក្រៅឃុំតាមការស្នើរសុំជាបណ្តោះ ប៉ុន្តែសាលក្រមដដែលនោះ ក៏បានបង្គាប់ឲ្យជនត្រូវចោទត្រូវចូលខ្លួនមកកាន់តុលាការវិញនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីជំនុំជម្រះលើអង្គសេចក្តី។
សូមរំលឹកថា លើសំណុំរឿងនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឯក ប៉ូលីហ្វីល កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ គង់ រ៉ៃយ៉ា ក្រោមការចោទប្រកាន់ពាក់ព័ន្ធ នឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
តាមដំណើរឿង យុវជន គង់ រ៉ៃយ៉ា និងបក្ខពួក ៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពួកគេបានបោះពុម្ពទ្រឹស្ដីរបស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺតព័ណ៌ខ្មៅ និងស ដែលសមត្ថកិច្ចសង្ស័យថា មានខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ ដើម្បីបំផុសបំផុលដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ចបានសម្រេចឲ្យមនុស្ស៣នាក់ ទៅផ្ទះវិញដោយទុកតែឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ។
ជនត្រូវចោទរូបនេះ ក៏ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ម្តងរួចមកហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែយុវជននេះ បានប្រកាសឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ តាមបណ្ដាញសង្គម Facebook ជាមួយនឹងរូបគេ កាលពីឆ្នាំ២០១៥។
កាលនោះ គង់ រ៉ៃយ៉ាង បានសរសេរយ៉ាងដូច្នេះថា៖ «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពី សង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»៕