(ភ្នំពេញ)៖ អ្នកស្រី សោម សោភា ដែលមានទីលំនៅបច្ចុប្បន្នក្នុងស្រុកបាធាយ ខេត្តកំពង់ចាម មានសំណាងត្រូវរង្វាន់៤០លានរៀល គ្រាដែលលោកស្រី និងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅ។
អ្នកស្រីរៀបរាប់ដំណើររឿងឈ្នះរង្វាន់ស្ទើរតែមិននឹកស្មានដល់នេះថា អ្នកស្រីបានទិញស្រាបៀរកម្ពុជា១កេស ដើម្បីហូបជុំគ្នាជាមួយគ្រួសារលើឆ្នេរសមុទ្រពេលល្ងាច។ ញុំាអស់ប្រហែលជិតកន្លះកេស ប្តីរបស់គាត់ក៏ឃើញគេដាក់ថា៤០។ ដំបូងគាត់ស្មានថា ឈ្នះ៤០នាទី ប៉ុន្តែដល់ពេលអ្នកស្រីពិនិត្យមើលឱ្យច្បាស់ក៏ដឹងថា មិនមែន៤០នាទីអ្វីទេ គឺ៤០លានរៀល។
អ្នកស្រីបញ្ជាក់ថា៖ «នេះបានហៅថាសំណាងមកពីព្រេងមែន។ ខ្ញុំនៅកំពង់ចាមឯណោះ បែរមកមានសំណាងឈ្នះទឹកប្រាក់លើទឹកដីកំពង់សោមឯណេះទៅវិញ»។
ទឹកប្រាក់នេះ លោកស្រីនឹងយកទៅសងធនាគារខ្លះ និងចែកឱ្យដល់បងប្អូន ដែលទៅលេងកំពង់សោមជុំគ្នាខ្លះ ព្រោះនេះហាក់ដូចជាសំណាងបានមកពីការសាមគ្គី និងរាប់អានគ្នាល្អរវាងបងប្អូនទាំងអស់៕