(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នឹងធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្រោមប្រធានបទ «ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» ដែលមានប្រតិភូជាង៤០ប្រទេសចូលរួម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការរៀបចំមហាសន្និបាតនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា រាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩។
បើតាមលោក នួន ផារ័ត្ន ការធ្វើជាម្ចាស់ផ្ទះលើកនេះ ជាលើកទី១ហើយ ដែលនេះជាឧិកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ទីក្រុងដែលងើបចេញពី វាលពិឃាតប្រល័យពូជសាសន៍រហូត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
អភិបាលរងរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា នៅក្នុងអាស៊ីអាគ្នេយ៍ មានតែរាជធានីភ្នំពេញ មួយគត់ ដែលជាសមាជិក សមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលមានផលប្រយោជន៍ដើម្បីបង្ហាញទៅដល់ទីក្រុង ២៩៤ទីក្រុង ពីភាពរឹងមាំ ពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក។
លោករំពឹង និងជឿជាក់ថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនេះ រាជធានីភ្នំពេញ និយាយដោយឡែក និងនិយាយជារួម ប្រទេសកម្ពុជាទាំងមូល នឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត និងជាឱកាសបង្ហាញអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ ឆ្លៀតក្នុង ឱកាស នៃកិច្ចប្រជុំ ប្រតិភូប្រទេសដែលមកចូលរួម នឹងធ្វើទស្សនកិច្ចទៅកាន់ទឹកដីអង្គរ នៃខេត្តសៀមរាបផងដែរ ដើម្បីទស្សនាប្រាសាទរបស់កម្ពុជា។
សូមជម្រាបថា សមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ដើម្បីចងក្របប្រទេសប្រើប្រាស់ភាសាបារាំង ក្នុងន័យផ្លាស់ប្ដូរបទពិសោធន៍ និងគំនិតល្អឲ្យគ្នាទៅវិញទៅមក។ រាជធានីភ្នំពេញ បានចូលជាសមាជិកនៃសមាគមនេះ នៅឆ្នាំ១៩៩០ ហើយបានក្លាយជាសមាជិកអចិន្ដ្រៃយ៍ នៅឆ្នាំ២០០៣៕