(ភ្នំពេញ)៖ យុវជនម្នាក់ដែលបានបន្លំខ្លួន និងបានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ត្រូវបានបញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់ការសួរនាំពី សំណាក់ នគរបាលខណ្ឌពោធិ៍សែនជ័យរួចមក។
សូមបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនយុវជនម្នាក់ ដែលក្លែងបន្លំស្លៀកពាក់ជាឯកសណ្ឋានជានគរបាលជាតិ ដើម្បីអុកឡុកធ្វើរឿងមិនប្រក្រតីទៅលើជនស្លូតត្រង់ ដូចជាដេញឃាត់ម៉ូតូប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងនៅខណ្ឌដ៏ទៃទៀតក្នុងរាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ បានធ្វើឡើងនៅវេលាទាបភ្លឺថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំទូលទំពូងទី២ ខណ្ឌចំការមន និងដកហូតមធ្យោបាយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សង់សេ១២៥ស៊េរី០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499 និងឯកសណ្ឋាននគរបាលពណ៌ទឹកដោះគោមួយកំផ្លេ មួកនគរបាលមួយ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជា សុផាន់ណាត់ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕