(ភ្នំពេញ)៖ ជនសង្ស័យចំនួន២នាក់ ដែលជាចោរលួចម៉ូតូ១គ្រឿង បានសម្រេចរបស់ស្ត្រីរងគ្រោះម្នាក់ និងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសទណ្ឌតាមនីតិវិធី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តាមស្រាវជ្រាវរហូតឃាត់ខ្លួនបាន។

បើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថា បានបាត់ម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខកំពង់ធំ1F-8637, កម្លាំងការិយាល័យជំនាញ ក៏បានបន្តស្រាវជ្រាវភ្លាមៗ ដើម្បីកំណត់ពី អត្តសញ្ញាណមុខសញ្ញា រហូតដល់វេលាម៉ោងប្រហែល០៨៖៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន ចំនួន២នាក់តែម្ដង ស្ថិតនៅចំណុចក្នុងវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ទៀតថា ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងការិយាល័យជំនាញ បានចាប់យកវត្ថុតាងពាក់ព័ន្ធសកម្មភាព លួចមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1HL-0267, ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ទឹកមាស១គ្រឿង មានស៊ីមកាតលេខ០៨៧៤០៥៣០០, ដងកាច់ចំនួន១, សោទីបលេខ៨ ចំនួន១ដើម, សោទីបលេខ១០ ចំនួន១ដើម, តួណឺវីសអត់ដងចំនួន១ដើម, តួណឺវីសមានដង ពណ៌ខ្មៅ ចំនួន១ដើម, ម៉ូតូម៉ាកសេ១០០កូរ៉ ពណ៌ខៀវ គ្មានស្លាកលេខមួយគ្រឿង និងទូរសព្ទ័ដៃម៉ាក អុបប៉ូ ពណ៌ក្រហម១គ្រឿង មានស៊ីមកាតលេខ ០១១ ៧០៦៣៧០។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញរូបនេះ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ជាចោរលួចម៉ូតូទាំង២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពលួចមួយចំនួន ដើម្បីយកមកសាកសួរតាមជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងប្រាកដមែន ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 1F-8637 ផលិតឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខផ្ទះលេខ១៨៣J ផ្លូវម៉ុងរិទ្ធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលជាលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ អំ វីណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ។

លោកថា ចំណែកជនសង្ស័យឈ្មោះ នូ សីហា ហៅភិន អាយុ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះ អ៊ឹម រិទ្ធី ហៅវ៉ា អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោកដូចគ្នា៕