(ភ្នំពេញ)៖ ដោយបានការឯកភាពពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតាមសំណើរបស់ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញមកធ្វើបាថកថា ចែករំលែកចំណេះដឹងដល់ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា យោធាចារ្យ និស្សិតនិងសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ។
នៅក្នុងមតិស្វាគមន៍ដោយនាយឧត្តមសេនីយ៍ ជា តារា ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅរបស់ លោក ជា ចាន់តូ អគ្គទេសាភិបាល ចំពោះកងទ័ពតាំងពីព្រឹត្តិការណ៍ឆ្នាំ២០០៨នៅតំបន់ ព្រំដែនទិសប្រាសាទព្រះវិហារ ប្រាសាទតាមាន់ តាក្របី ទៅចុះសួរសុខទុក្ខកងទ័ពញឹកញាប់។
នាយឧត្តមសេនីយ៍ ជា តារា បានគូសបញ្ជាក់ថា សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដែលបានមកពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃជាង៣ទសវត្ស នាំមកនូវសុខសន្តិភាពពេញលេញ បង្កជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងនោះដែរ ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឲ្យរីកចម្រើនទៅមុខ។ ការប្រឹងប្រែងឥតឈប់ឈរ នេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។ ជាក់ស្ដែង វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានរីកចម្រើនឥតឈប់ឈរ ជាពិសេសកងទ័ពបានទទួលនូវការតម្លើងប្រាក់ខែពីរដងក្នុងមួយឆ្នាំៗ។
ការបើកប្រាក់បានទាន់ពេលវេលា ពោលគឺមុនដំណាច់ខែ ព្រមទាំងមានប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំទៀតផង។
ក្នុងឱកាសមាស នៃសន្តិភាពកំពុងមាននេះហើយ សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងជំរុញពង្រឹងការងារបណ្តុះបណ្តាលកងទ័ព ក្នុងគោលដៅសំខាន់២ គឺទី១៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ និងទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសពីគោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិស ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន។
នាយឧត្តមសេនីយ៍ បានថ្លែងទៀតថា ការបណ្តុះឲ្យក្លាយជាកងទ័ពម្នាក់ៗ មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិមាតុភូមិ ថែរក្សាសុខ សន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងឲ្យក្លាយជាកម្លាំងពិតមួយ ដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ សម្ដៅដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ និងគោរពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងបាឋកថារបស់ លោក ជា ចាន់តូ បានលើកឡើងថា ជោគជ័យរបស់វីរកងទ័ពលើសមរភូមិប្រយុទ្ធ គឺស្គាល់ច្បាស់អំពីខ្លួនឯង អំពីសត្រូវ និងក្តាប់ឲ្យ បាននូវឱកាស ជាពិសេសកត្តាមេបញ្ជាការ ដូចជាព្រឹត្តិការណ៍តំបន់ប្រាសាទព្រះវិហារ ដែលកងទ័ព មេបញ្ជាការកងទ័ព បានអនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាព និងជំហរចង់បានសន្តិភាពព្រំដែនរបស់សម្តេចតេជោ ហ៊ុន សែន ទើបសភាពការណ៍បានវិលមករក សភាពដើមដូចថ្ងៃនេះ។
យ៉ាងណាមិញ ការគ្រប់គ្រងវិស័យធនាគារជាតិនៃកម្ពុជា ក៏ដូចគ្នាដែរ គឺនៅក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច ដែលបានដាក់ចេញនូវគោល នយោបាយជាយុទ្ធសាស្ត្រ ទើបប្រព័ន្ធធនាគារ និងរូបិយវត្ថុត្រូវបានស្តារឡើងវិញ ប្រែក្លាយពីប្រព័ន្ធធនាគារមួយ ថ្នាក់ទៅប្រព័ន្ធធនាគារពីរថ្នាក់ កសាងសេដ្ឋកិច្ចទីផ្សារ និងការបើកទូលាយប្រព័ន្ធធនាគារ។
ការធ្វើកំណែទម្រង់ប្រព័ន្ធធនាគារនាំដល់ ការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ការប្រារព្ធខួប៤០ឆ្នាំ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រាក់រៀលកម្ពុជា ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ ហើយចង់បញ្ជាក់ថា ប្រាក់រៀល ដែលបានបោះផ្សាយនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ រហូតមកដល់ពេលនេះ គឺមានអាយុ៤០ឆ្នាំ ហើយបើទោះបីវាផ្លាស់ប្តូរទម្រង់មួយ មកកាន់ទម្រង់មួយ តែប្រភព កំណើត គឺរូបិយវត្ថុដែលបោះពុម្ពផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ក្រោយការដួលរលំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នៅក្នុងបាឋកថាជាងបីម៉ោង អមដោយបទបង្ហាញជាស្លាយ លោក ជា ចាន់តូ បានពន្យល់យ៉ាងច្បាស់អំពីប្រវត្តិការរីកចម្រើន និងទស្សនវិស័យ នៃប្រព័ន្ធធនាគារកម្ពុជា ព្រមទាំងទិសដៅនៃការអភិវឌ្ឍន៍ប្រព័ន្ធធនាគារជាតិ ក្នុងរយៈពេលវែង។
ដោយទឹកចិត្តសប្បាយរីករាយ លោក ជា ចាន់តូ បានផ្តល់ជូនថវិកាដល់សាស្ត្រាចារ្យ យោធាចារ្យ បុគ្គលិកសិក្សា និងនិស្សិត សិក្ខាកាមកងទ័ព ចំណុះសាកលវិទ្យាល័យការពារជាតិ ចំនួន១,៦៥២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១៥,០០០រៀល ជាក្រដាស់ប្រាក់ដែលរាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ពចេញផ្សាយ ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា ការយាងគ្រងព្រះបរម សិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕