(ភ្នំពេញ)៖ ខណៈដែលកម្ពុជាកំពុងស្វាគមន៍ក្បួនរថយន្តទេសចរណ៍ Caravan Tours ដែលចេញដំណើរពីខេត្តយូណាន ប្រទេសចិន កាត់តាមប្រទេសឡាវមកដល់កម្ពុជានោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ភ្ញៀវទេសចរតាម Caravan Tours ឬ Self-Driving Tour គប្បីពង្រីកខ្សែទស្សនកិច្ចទេសចរណ៍របស់ខ្លួន ទៅដល់តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាឱ្យបានច្រើន ដែលជាតំបន់កំពុងមានសក្ដានុពលខ្លាំងសម្រាប់វិស័យទេសចរណ៍។
គួរបញ្ជាក់ថា ក្បួនរថយន្តទេសចរណ៍ Caravan Tours ខាងលើនេះ បានចេញដំណើរពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៥ ខែវិច្ឆិកា និងបានមកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប មុនពេលត្រឡប់ទៅកាន់ទីក្រុងគុនមីងវិញ ដែលមានរយៈពេល២៧ថ្ងៃ ក្នុងចម្ងាយទាំងទៅទាំងមកប្រមាណ ៥,៧២០គីឡូម៉ែត្រ។
ដើម្បីស្វាគមន៍ប្រតិភូ Caravan Tours នេះ ក្រសួងទេសចរណ៍បានរៀបចំពិធីទទួលស្វាគមន៍មួយនៅមជ្ឈមណ្ឌលកម្សាន្ត Prince Manor Resort ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ដោយមានការចូលរួមពីលោកស្រី ស្ស៉ី លីន អគ្គនាយករងនៃមន្ទីរវប្បធម៌ និងទេសចរណ៍ចិនប្រចាំខេត្តយូណាន លោក ចុង ជីហ្វា តំណាងស្ថានទូតចិនប្រចាំកម្ពុជា លោក វៀងផាថាយ ស៊ីសូវត្ថិ លេខាទី១នៃស្ថានទូតឡាវប្រចាំកម្ពុជា ព្រមទាំងភ្ញៀវទេសចរ និងមន្ត្រីរាជការជាច្រើននាក់ទៀត។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្តដល់ភ្ញៀវទេសចរដែលបើកបររថយន្តដោយខ្លួនឯងនេះ គួរតែពង្រីកខ្សែទស្សនកិច្ចទេសចរណ៍របស់ខ្លួន ឱ្យបានទៅដល់តំបន់ឆ្នេរសមុទ្រកម្ពុជា មានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ក៏ដូចជាតំបន់ភូមិភាគឦសានរបស់កម្ពុជា ក្រៅពីទៅទស្សនាតំបន់បេតិកភណ្ឌ រាជធានីភ្នំពេញ។
លោកបានបន្តថា ដំណើរក្បួនរថយន្តនេះ គឺពិតជារួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ដូចជាក្នុងក្របខណ្ឌសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាងជាដើម ពិសេសព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃការអបអរសាទរ «ឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជាលើកដំបូង» ឈានឆ្ពោះទៅសម្រេចបានសមិទ្ធផលជាទីមោទនៈជាច្រើនទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈក្បួនរថយន្ត Caravan Tours យើងក៏អាចមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ អំពីការតភ្ជាប់តាមផ្លូវគោករវាងប្រទេសចិន ឡាវ និងកម្ពុជា ដែលនឹងជួយជំរុញទេសចរចិនមកកម្ពុជាកាន់តែច្រើន ក៏ដូចជាជំរុញទេសចរពីកម្ពុជាទៅប្រទេសចិន និងប្រទេសឡាវ តាមរយៈការធ្វើដំណើរដែលបើកបរដោយខ្លួនឯង (Self-Driving Tour) នេះផងដែរ។
លោកស្រី ស្ស៉ី លីន បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយបេតិកភណ្ឌប្រវត្តិសាស្រ្តតាមក្បួនរថយន្តពីប្រទេសចិន ឡាវ និងកម្ពុជា គឺជាសកម្មភាព និងវិធានការជាក់ស្តែង ដើម្បីអនុវត្តនូវអនុសាសន៍ដែលបានព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ហើយក៏ជាភាពច្នៃប្រឌិតមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ចិន-កម្ពុជា។
លោកស្រីអគ្គនាយករងបានបន្តថា ក្បួនរថយន្តទេសចរណ៍បើកបរដោយខ្លួនឯងនេះ ពិតជាចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហការវប្បធម៌ និងទេសចរណ៍រវាងខេត្តយូណាន ប្រទេសឡាវ និងកម្ពុជា ដែលមានសារសំខាន់ និងឥទ្ធិពលធំធេង។
លោកស្រីថា ក្រោមបរិបទប្រវត្តិសាស្ត្រថ្មី មានឆន្ទៈនិងខិតខំបន្តនូវមិត្តភាពប្រពៃណីចិន និងកម្ពុជា អនុវត្តឱ្យបានល្អនូវទស្សនទានរួមរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរចូលរួមយ៉ាងសកម្ម ក្នុងការជំរុញសហប្រតិបត្តិការ «ខ្សែក្រវាត់ និងវិថី»។
សូមជម្រាបថា សម្រាប់កម្មវិធីបន្ទាប់ ប្រតិភូនឹងរៀបចំពិធីបិទកម្មវិធីផ្សព្វផ្សាយបេតិកភណ្ឌប្រវត្តិសាស្រ្តតាមក្បួនរថយន្ត Caravan Tours នេះនៅខេត្តសៀមរាប។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យក្រុមហ៊ុនលក់រថយន្តនេះបើកលក់នៅកម្ពុជាឱ្យបានឆាប់រហ័ស និងមានតម្លៃសមរម្យ ពិសេសត្រូវមានកន្លែងសម្រាប់លាងសម្អាតអនាម័យ ផ្លាស់ប្ដូរទឹក និងកន្លែងចាក់កាកសំណល់ចេញពីរថយន្តឱ្យបានត្រឹមត្រូវនៅតាមគោលដៅនីមួយៗ។ ចំណែកឯការរៀបចំឱ្យមានសេវាទេសចរណ៍ប្រភេទថ្មីនេះ ត្រូវតែចាប់ផ្ដើមធ្វើទន្ទឹមនឹងការចាប់ផ្ដើមលក់រថយន្តនេះផងដែរ៕