(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្បត់ជាតិ បានព្យាយាមប្រើគ្រប់ឧបាយកលក្នុងការបំផុសបំផុល មហាជន សំដៅយកអាយុជីវិតប្រជាពលរដ្ឋ មកផ្ដួលរំលំរាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោតស្របច្បាប់ ក៏ព្រោះតែដណ្ដើមអំណាចសម្រាប់បុគ្គលខ្លួនឯងប៉ុណ្ណោះ ខុសពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានយកអាយុជីវិតផ្ទាល់ខ្លួន មកធ្វើជាដើមទុន ដើម្បីរំដោះប្រជាពលរដ្ឋ និងការកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ។
ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវរូបនេះ បានគូសបញ្ជាក់បែបនេះ នៅក្នុងពិធីសំណេះសំណាល រំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៨៧-២ ធ្នូ ២០១៩) ដោយមានការចូលរួមពីលោកស្រី ទូច សារ៉ុម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលសមាគមនារី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ, លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ, លោកស្រី ចាន់ លីឡា សមាជិកសមាគមនារី រាជធានីភ្នំពេញ, លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, និងមានការអញ្ជើញចូលរួមពីលោកអធិការនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, យោធភូមិភាគពិសេសខណ្ឌ, និងលោក-លោកស្រីប្រធាន អនុប្រធានសមាគមនារីខណ្ឌ-សង្កាត់-ភូមិ ប្រមាណជា២៣៥នាក់ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រោយពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ, លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, និងលោក ឡេង ចន្ទវិសិទ្ធ ប្រធានការិយាល័យហេរញ្ញវត្ថុ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ អានរបាយការណ៍សង្ខេបពីសកម្មភាពទាំងឡាយ ដែលសម្រេចបានលទ្ធផល យ៉ាងគ្រាប់ប្រសើររយៈពេល១ឆ្នាំ ក្នុងពិធីសំណេះសំណាល រំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៨៧-២ ធ្នូ ២០១៩) ខាងលើនេះ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ បានក្រើនរំលឹកថា យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី១ រហូតដល់តំណាក់កាលទី៤ និងគោលនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាគ្រូដែលទាមទារឲ្យយើងទាំងអស់គ្នា ព្យាយាមសិក្សាអនុវត្ត ក្នុងការចូលរួមចលនាឲ្យបានផុសផុល ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិកម្ពុជា ទាំងពេលប្ចុប្បន្ន និងទៅថ្ងៃអនាគត។
ជាមួយគ្នានេះ លោកស្រី ទូច សារ៉ុម បានលើកថា ការជួបជំសំណេះសំណាលគ្នានាពេលនេះ ក្នុងគោលបំណងរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជាលទ្ធផលសម្រេចបានយ៉ាងគាប់ប្រសើរបំផុតរយៈពេល ១ឆ្នាំនេះ មិនមែនសំដៅតែលើបុគ្គលម្នាក់ សម្រេចបានលទ្ធផលល្អនោះទេ លើការងារបម្រើគាំពារ កុមារ និងជួយសង្គម គឺទាល់តែផ្ដើមចេញពីយើងទាំងអស់គ្នា៕