(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១៧០នាក់ បានទទួលការបណ្តុះបណ្តាលជាចម្បងលើទិដ្ឋភាពពាក់ព័ន្ធជាមួយសុវត្ថិភាពគីមី ក្នុងរយៈពេល ២សប្តាហ៍ នៅក្នុងក្របខណ្ឌនៃមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) នៃគំនិតផ្តួចផ្តើមសំរាប់ឧត្តមភាព(CoE) របស់សហភាពអឺរ៉ុប។
សិក្ខាកាមមួយក្រុមត្រូវបានជ្រើសរើស និងទទួលបានការបណ្តុះបណ្តាលឲ្យក្លាយជាគ្រូបង្គោល ដើម្បីពួកគេអាចផ្តល់នូវការបណ្តុះបណ្តាល និងការអនុវត្តល្អៗបន្ត ដល់សិក្ខាកាមផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជាផងដែរ។
នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ក៏មានអ្នកជំនាញនានា មកពីវិស័យសុខាភិបាលសាធារណៈនៃប្រទេសអង់គ្លេស វិទ្យាស្ថានសន្តិសុខអន្តរជាតិ និងការគ្រប់គ្រងគ្រោះអាសន្ន (ISEMI) នៃប្រទេសស្លូវ៉ាគី និងអង្គការដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយចីរភាព (Sustainable Criminal Justice Solutions) ដែលជាអង្គការមិនរកប្រាក់ចំណូលអឺរ៉ុប បានដឹកនាំសិក្ខាសាលាពាក់ព័ន្ធជាមួយប្រធានបទជាច្រើន ដូចជាការ លុបបំបាត់សារធាតុគីមី ការស្តារឡើងវិញ ការកំណត់សំណាក និងការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យគីមីជាដើម។
ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានការចាប់អារម្មណ៍ក្នុងការលើកកម្ពស់សុវត្ថិភាពគីមី និងសន្តិសុខគីមីនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្រៅពីប្រទេសកម្ពុជា។ ដោយសារវិស័យកសិកម្ម និងឧស្សាហកម្មកាត់ដេរប្រើប្រាស់នូវបរិមាណសារធាតុគីមីដ៏ច្រើន នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលមានការយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃបញ្ហាសារធាតុគីមី និងការចាត់ចែង គ្រប់គ្រងសារធាតុទាំងនេះឲ្យបានត្រឹមត្រូវ។
អាជ្ញាធរជាតិហាមឃាត់អាវុធ គីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរ (NACW) របស់កម្ពុជា ដើរតួជាយន្តការ CBRN ថ្នាក់ជាតិជាអ្នកសម្របសម្រួលសកម្មភាពនៃវគ្គបណ្តុះបណ្តាលជាមួយ CBRN CoE អនុវត្តគម្រោងលេខ៦១ ស្តីពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធជាមួយសារធាតុគីមីឲ្យបានត្រឹមត្រូវ នៅអាស៊ីអគ្នេយ៍ (SEACHEM) របស់សហភាពអឺរ៉ុប។
គម្រោងនេះគ្របដណ្តប់លើប្រទេសចំនួន១០ នៅអាស៊ីអាគ្នេយ៍ និងមានគោលបំណងជួយដោះស្រាយបញ្ហាពាក់ព័ន្ធជាមួយសុវត្ថិភាព និងសន្តិសុខគីមី នៅក្នុងវិស័យច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ការទប់ស្កាត់ និងបង្កាការរាវរក ការត្រៀមបម្រុង និងការឆ្លើយតបចំពោះហេតុកាណ៍ពាក់ព័ន្ធនឹងសារធាតុគីមីនេះ។
គម្រោងកាត់បន្ថយហានិភ័យគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែររបស់សហភាពអឺរ៉ុប បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប ហើយគម្រោងនេះត្រូវបានអនុវត្តរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងឧក្រិដ្ឋកម្មអន្តរតំបន់របស់អង្គការសហប្រជាជាតិ (UNICRI) និងមជ្ឈមណ្ឌលស្រាវជ្រាវរួម (JRC) របស់គណៈកម្មាធិការអឺរ៉ុប។
គម្រោងនេះត្រូវបានរៀបចំ ដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការអន្តរជាតិ និងតំបន់រដ្ឋសមាជិករបស់សហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធផ្សេងទៀត តាមរយៈសហប្រតិបត្តិការស្អិតរមួត និងមានប្រសិទ្ធិភាពនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ គម្រោងនេះ មានការចូលរួមពីប្រទេសដៃគូចំនួន ៦១នៅក្នុងតំបន់ និងពិភពលោក៕