(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី ក្នុងកម្មវិធីយុវជនស្ម័គ្រចិត្តប្រទេសម៉ាឡេស៊ី HNSB Volunteer Cambodia លើកទី៤ ក្រោមប្រធានបទ «បុព្វហេតុនៃស្នាមញញឹម» នៅស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។
ថ្លែងទៅកាន់អ្នកចូលរួម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ទឹកចិត្តសប្បុរសធម៌របស់យុវជន ក្នុងការជួយរំលែកទុក្ខ លំបាករបស់ប្រជាជនកម្ពុជា នេះគឺជាសក្ខីភាពនៃការជួយយកអាសាគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិ និងប្រជាជាតិសកល។ លោកក៏បានផ្ដាំផ្ញើដល់ប្អូនៗ យុវជន ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងការអនុវត្តការងារ។
សូមជម្រាបជូនថា HNSB Volunteer ដឹកនាំដោយលោក Shahrul nizam Bin Kamal អគ្គនាយករងគ្រប់គ្រង
បាននិងកំពុងធ្វើសហប្រតិបត្តិការមនុស្សធម៌លើទឹកកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាមកហើយ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ។
នេះគឺជាលើកទី៤ហើយ នៃសកម្មភាពមនុស្សធម៌របស់ HNSB Volunteer នៅលើទឹកដីកម្ពុជា ដែលលើកនេះធ្វើសកម្មភាពនៅគោលដៅ ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្តោតទៅលើកិច្ចការមួយចំនួនមានដូចជា ការលាបថ្នាំសាលារៀន ធ្វើបង្គន់អនាម័យ និងកម្មវិធីអប់រំផ្សេងៗទៀត៕