(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្ដាលី ប្រចាំនៅកម្ពុជា ជួបសម្ដែងការគួរ និងជម្រាបលាដែលចប់អាណត្តិបេសសកម្ម។
នៅក្នុងជំនួបពិភាក្សាគ្នារវាងប្រមុខការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីចប់អាណត្តិនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយក្នុងនោះក៏ជជែកគ្នាពីកិច្ចសហប្រតិបត្តិការយោធា ការហ្វឹកហ្វឺន សាលាភាសា សន្តិសុខសមុទ្រ ព្រមទាំងការចូលសំចតនាវាយោធារបស់អូស្ត្រាលី និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀតផងដែរ។
កិច្ចជំនួបនេះ ក៏បានជជែកពីការជួយ សៀវភៅ «ស» ការពារជាតិ ដល់ក្រសួងការពារជាតិកម្ពុជា ការជួយជួសជុលរោងជាង នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ព្រមទាំងជំរុញឱ្យមានការចូលរួមលើកិច្ចប្រជុំផ្សេងៗ រវាងប្រទេសកម្ពុជា និងអូស្ត្រាលី ជាពិសេសការប្រជុំផ្លាស់ប្តូរទស្សនៈ បទពិសោធន៍រវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសកងទ័ពជើងទឹក៕