(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ដែលមានកាចូលរួមពី ក្រុមសិល្បៈករ-សិល្បៈការិនីល្បីៗក្នុងស្រុកជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមពី មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យដែលបានផ្តល់ការព្យាបាលដោយឥតគិតប្រាក់ដល់កុមារកម្ពុជារាប់លាននាក់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «យើងពិតជាមានមោទនភាពណាស់ដែលបានធ្វើការជាមួយនឹងសិល្បៈករ-សិល្បៈការិនី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងស្រុក ដើម្បីជួយដល់មូលនិធិដ៏អស្ចារ្យមួយនេះ ដែលបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារកម្ពុជា»។

ក្នុងនោះ «បុគ្គលិក និងនិយោជិតជាច្រើនរបស់យើងក៏ធ្លាប់ទទួលបានការថែទាំពីមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ហេតុនេះហើយ បានជាយើងសម្រេចចិត្តមិនត្រឹមតែធ្វើការបរិច្ឆាគប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់ធនធានដែលយើងមាន ដើម្បីជួយលើកកម្ពស់មូលនិធិមួយនេះឲ្យកាន់តែល្អប្រសើរផងដែរ»។

សំបុត្រមួយសន្លឹកមានតម្លៃ ១០ដុល្លារ ហើយរាល់ប្រាក់ចំណូលពីការលក់សំបុត្រទាំងអស់ នឹងត្រូវបរិច្ឆាគទៅឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន Smart នឹងបរិច្ឆាគថវិកាបន្ថែម១០ដុល្លារ ទៅលើរាល់ចំនួនសំបុត្រដែលបានលក់ចេញ ដើម្បីបន្ថែមថវិការសម្រាប់មូលនិធិ ពីការលក់សំបុត្រ។ រាល់អតិថិជនទិញសំបុត្រចូលទស្សនាទាំងអស់ នឹងក្លាយសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា។ សាធារណរជនក៏អាចធើ្វការបរិច្ឆាគបន្ថែមទៀត តាមរយៈការទិញសម្ភារផ្សេងៗក្នុងការប្រគំតន្ត្រីនេះផងដែរ»។

ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីប្រគំតន្ត្រីនេះ ក្រុមហ៊ុន Smart រួមជាមួយនឹងដៃគូសហការជាច្រើនទៀត នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ ដែលមានចំនួនមិនតិចជាង ១០០,០០០ដុល្លារឡើយ សម្រាប់ការរៀបចំការប្រគំតន្ត្រី ក៏ដូចជាការបង្កើតយុទ្ធនាការស្វែងយល់បន្ថែម ដើម្បីបង្កើនការបរិច្ឆាកជាសាធារណៈសម្រាប់មូលនិធិនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Smart ក៏បានសន្យាផ្ដល់ថវិកាបង្គ្រប់ចំនួនទឹកប្រាក់បរិច្ឆាគផងដែរ ប្រសិនបើទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ និងសម្ភារផ្សេងៗមានចំនួនតិចជាងគោលដៅដែលត្រូវបានកំណត់ចំនួន ១០០ ០០០ ដុល្លារនោះ។

ជាមួយគ្នានោះ លោក ចាន់ ណារិទ្ធិ នាយកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា៖ «ការប្រគំតន្ត្រីនេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ប្រជាពលរដ្ឋយើង ដើម្បីប្រមូលផ្តុំគ្នាចូលរួមកំសាន្ត ហើយក៏ជាឱកាសមួយរួមគ្នាក្នុងការជួយកុមារខ្មែរយើង និងសម្តែងការគោរព ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើន ដែលនៅតែបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃប្រកបដោយគុណភាពខ្ពស់បំផុត ដល់ប្រជាពលរដ្ឋដែលជាធនធានដ៏សំខាន់បំផុតរបស់យើងជាកុមារកម្ពុជា សម្រាប់រយៈពេលច្រើនជាង២៥ឆ្នាំ កន្លងមកនេះ។

ជាងនេះទៅទៀត «ក្នុងនាមជាអ្នកតំណាងឲ្យមន្ទីរពេទ្យទាំងមូល អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ ក៏ដូចជាលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ខ្ញុំសូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់យើងដល់ក្រុមហ៊ុន Smart សិល្បៈករ-សិល្បៈការិនី និងរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលនឹងចូលរួមចំណែកក្នុងកម្មវិធីផ្តួចផ្តើមនេះ»។

 

តារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនដូចជា ក្រុមតន្រ្តី SmallWorld SmallBand (SWSB) កញ្ញា ចិត្ត កញ្ចនា, លោកស្រី ពេជ្រ សោភា កញ្ញា Adda លោក G-Devith កញ្ញា Laura Mam លោកអូន និងកញ្ញាទេព បូព្រឹក្ស នឹងរួមគ្នាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌របស់ក្រុមហ៊ុន Smart ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅរោងមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមទស្សនទាន «ធ្វើរឿងល្អថ្ងៃនេះ»។

តារាចម្រៀងដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នោះបានថ្លែងស្រដៀងៗគ្នាថា «មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យដ៏ពិសេសមួយស្ថិតក្នុងបេះដូងរបស់យើងខ្ញុំទាំងអស់គ្នាដោយសារតែក្តីស្រឡាញ់ និងការជួយរបស់មន្ទីរពេទ្យនេះ ទៅលើសុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជា។

លើសពីនោះ «យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលចូលរួមចំណែកក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដ៏ពិសេសមួយនេះ របស់ក្រុមហ៊ុន Smart ហើយខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់ នឹងចូលរួមក្នុងយុទ្ធនាការរ៉ៃអង្គាសប្រាក់ថវិកាឲ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបានសម្រាប់មន្ទីរពេទ្យ»។

 

សំបុត្រចូលរួមទស្សនាទាំងអស់ នឹងដាក់លក់ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩តទៅ នៅតាមទីតាំងចំនួន៦ ទូទាំងរាជធានីភ្នំពេញ នៅតាម Smart Shop ទាំងអស់រួមមាន Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និង អ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ អេហ្វេណូ (ទួលគោក)៕

ព័ត៌មានបន្ថែម សូមតាមដានលើគេហទំព័រ Facebook ខាងក្រោមនេះ៖ www.facebook.com/smilecharitybysmart និង www.