(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថានា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ឆ្នាំ២០១៩-២០២៥ ជាឧបករណ៍គោលនយោបាយមួយ សំដៅសម្រេចឲ្យបាន នូវប្រព័ន្ធហិរញ្ញវត្ថុមួយ ប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុ ក្នុងប្រទេស។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រី នាវ ច័ន្ទថានា អញ្ជើញចូលរួមក្នុងកម្មវិធី ស្រ្តី និងហិរញ្ញវត្ថុ «Women & Finance» ដែលរៀបចំដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួយស្ថាប័ន World Savings Banks and Retail Institute (WSBI) នៅសណ្ឋាគារអូឡាំព្យាស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
កម្មវិធីនេះ ក៏មានការចូលរួមពី អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ប្រៃសណីយ៍កម្ពុជា, លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា លោក Christ De Noose នាយកគ្រប់គ្រងនៃ World Saving and Retail Banking Institute និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
លើសពីនោះទៅទៀត លោកស្រី នាវ ច័ន្ទថានា បានបន្ថែមថា យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ក៏គាំទ្រដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច សម្រេចបានសមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងការកាត់បន្ថយភាពក្រីក្រផងដែរ។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា រូបនេះ បានបញ្ជាក់ទៀតថា យុទ្ធសាស្ត្រនេះ ក៏បានកំណត់ទិសដៅសម្រាប់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន រួមគ្នាអនុវត្ត និងផ្តោតការយកចិត្តទុកដាក់ ទៅលើផ្នែកដែលទាមទារ ឲ្យមានវិធានការ ជាបន្ទាន់។
លោកស្រីថា ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួល ការអនុវត្តផែនការសកម្មភាព និងធានាឲ្យមានកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថ
ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការ ឲ្យបានពាក់កណ្តាលពីចំនួន ២៧% មក១៣%។
បន្ថែមពីនោះទៀត ក៏ពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពីចំនួន ៥៩% មក ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពគ្រួសារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី នាវ ច័ន្ទថានា។
អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា ការសម្រេចបានសមភាពយេនឌ័រ គឺជាផ្នែកមួយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា សម្រាប់កំណើនសមធម៌ និងប្រសិទ្ធភាពការងារ។ រាជរដ្ឋាភិបាលទទួលស្គាល់ ការចូលរួមកាន់តែច្រើនរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចនឹងជួយពន្លឿនការសម្រេចគោលដៅជាតិ ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពយុត្តិធម៌។
ដោយឡែក លោក Christ De Noose នាយកគ្រប់គ្រងនៃ(WSBI) បានថ្លែងថា «អំណាចរបស់មនុស្ស ជាពិសេសស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងការងាររបស់ពួកគេ គឺជួយពួកគេសម្រេចបាននូវអនាគតរបស់ពួកគេ ប្រកបដោយសុខមាលភាព និងភាពជោគជ័យ។ WSBI មើលឃើញថា ការដាក់បញ្ចូលហិរញ្ញវត្ថុ ជាមូលដ្ឋានគ្រឹះសម្រាប់តម្លៃក្នុងការជួយខ្លួនឯង និងការរួមចំណែកជាច្រើនទៀត ដល់សេដ្ឋកិច្ចទាំងមូល»។
គូសបញ្ជាក់ថា កម្មវិធី ស្រ្តី និងហិរញ្ញវត្ថុ រៀបចំឡើងក្នុងគោលបំណងផ្តោត លើការពិភាក្សាអំពីបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់តម្លៃស្រ្តី ក្នុងវិស័យហិរញ្ញវត្ថុ និងបញ្ហាវិសមភាពយេនឌ័រ តាមរយៈយុទ្ធសាស្ត្រ គោលនយោបាយ បច្ចេកវិទ្យា និងការអប់រំផ្នែកហិរញ្ញវត្ថុ ដែលអាចជួយឲ្យសម្រេចបានសមភាពយេនឌ័រ និងកាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ដែលនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥៕