(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា តួនាទីភារកិច្ចរបស់ស្ថាប័នបំភ័ន្តអក្ខរៈ នៅតែជាការចាំបាច់ នឹងមានសារៈសំខាន់បំផុតសម្រាប់កងទ័ព ក្នុងការបម្រើការងារសារសំងាត់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នរដ្ឋ។
កាតរបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតី បិទវគ្គបំប៉នជំនាញបំភ័ន្តអក្ខរៈជំនាន់ទី១ និងបើកវគ្គបំប៉នការងារជំនាញ បំភ័ន្តអក្ខរៈជំនាន់ទី ២ ឆ្នា២០១៩ នៅឯសាលាហ្វឹកហ្វឺនជំនាញបំភ័ន្តអក្ខរៈ នៃទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា នាយទាហាន ពលទាហាន យោធាចារ្យ និងគណៈគ្រប់គ្រងសាលាហ្វឹកហ្វឺន ជំនាញបំភ័ន្តអក្ខរៈ ត្រូវបន្តពង្រឹងថែមទៀតអំពីការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល និងការគាំទ្រប្រមុខរាជរដ្ឋាភិបាល ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំងការរីកចំរើនលើគ្រប់វិស័យ ដែលយើងខិតខំដោយលំបាកនារយៈពេលជាង ៣០ឆ្នាំកន្លងមក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈគ្រប់គ្រងទីចាត់ការ សាលា និងយោធាចារ្យ ព្រមទាំង សិក្ខាកាមនាយទាហានជំនាញបំភ័ន្តអក្ខរៈគ្រប់ជំនាន់ ទាំងអ្នកដែលត្រូវបញ្ចប់វគ្គ និងសិក្ខាកាមដែលត្រូវបន្តបើកវគ្គរៀនសូត្រនូវជំនាញបំភ័ន្តអក្ខរៈទាំងអស់ ដែលរហូតមកបានខិតខំប្រឹងប្រែងពុះពារ រាល់ការលំបាកស្មុគស្មាញនានា ជំរុញឱ្យដំណើរការនៃវគ្គហ្វឹកហ្វឺនជំនាញបំភ័ន្តអក្ខរៈនេះ ចាប់ពីផ្តើមរហូត ដល់ពេលបញ្ចប់វគ្គនិមួយៗ សម្រេចបានលទ្ធផល ប្រកបដោយជោគជ័យ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់ប្អូនៗដែល ទើបចូលមកហ្វឹកហ្វឺន សម្រាប់វគ្គបំប៉នជំនាញបំភ័ន្តអក្ខរៈជំនាន់ទី២ និងប្អូនៗ ដែលកំពុងហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន ជំនាញបំភ័ន្តអក្ខរៈយោធានៅទីនេះ ឱ្យបានកាន់តែប្រសើរ ដើម្បីពេលបញ្ចប់វគ្គប្អូនៗ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិ របស់យើងបានរឹងមាំ ពិសេសត្រូវគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីសម្ភារៈ និងផ្នែកបច្ចេកទេសបំភ័ន្តអក្ខរៈ ដល់ទីចាត់ការបំភ័ន្តអក្ខរៈ និងសាលាដើមី្បមានគ្រប់លទ្ធភាព ក្នុងការបណ្ដុះបណ្ដាលធន់ធានមនុស្សលើជំនាញសារសំងាត់នេះ ដល់កងយោធពលខេមរភូមិន្ទ៕