(ភ្នំពេញ)៖ នៅក្នុងប្រព័ន្ធសម្អាតសំណល់ទឹក ដែលបង្ហូរចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស, ឧស្ម័នមេតាន ត្រូវបានបំលែងពីទឹកកខ្វក់ និងទាញចេញយកទៅរក្សាទុក សម្រាប់ប្រើប្រាស់ជាប្រភពថាមពលជំនួយ នៅក្នុងឡចំហាយ។
ក្រុមហ៊ុនបានតម្លើងប្រព័ន្ធទាញយកឧស្ម័នមេតាន ទៅប្រើប្រាស់ឡើងវិញនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីចែករំលែកការទទួលខុសត្រូវ ក្នុងការចូលរួមការពារបរិស្ថានយើង។
ប្រព័ន្ធទាញយកឧស្ម័នយកមកប្រើប្រាស់ម្តងទៀតនេះ មានអត្ថប្រយោជន៍ណាស់ក្នុងការកាត់បន្ថយការប្រើប្រាស់ធនធាន ធម្មជាតិ និងបំពុលបរិស្ថាន ជាពិសេសនោះ ការពារការបំភាយឧស្ម័នមេតាន កាបូនម៉ូណូអុកស៉ីត និងអុកស៉ីតអាសូត ចូលក្នុងបរិយាកាស។
ឧស្ម័នមេតាន ត្រូវបានផលិតដោយការរំលាយអាហារសរីរាង្គ និងបំលែងជាមេតាន ឧស្ម័នកាបូនិច អាសូត និងស៊ុលផូរ។ មេតាន ត្រូវបានឆ្លងកាត់ប្រព័ន្ធដកស៊ុលផូរ ដោយបន្សុទ្ធមេតាន បន្ទាប់មកមេតាននេះ ឆ្លងកាត់ឧបករណ៍ដកសំណើមចេញ មុនបញ្ជូនទៅកាន់ឡចំហាយ។
មេតាន ត្រូវបានដុតក្នុងឡចំហាយ ហើយផលិតបានជាចំហាយក្តៅ យកទៅប្រើប្រាស់សម្រាប់តម្រូវ ការកម្តៅក្នុងដំណើរការ ម៉ាស៊ីននៃ ខ្សែសង្វាក់ ផលិតកម្មដូចជា កន្លែងស្ងោរស្រាបៀរ រោងចក្រវេចខ្ចប់ និងប្រព័ន្ធសម្អាតទឹកជាដើម៕