(ភ្នំពេញ)៖ ដើម្បីរក្សាឱ្យបាននូវកំណើនទេសចរណ៍ ជាវិជ្ជមានចំនួនពីរខ្ទង់ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលតាមរយះក្រសួងទេសចរណ៍ ដែលជាក្រសួងជំនាញបានខិតខំប្រឹងប្រែងក្នុងការបង្កើន​ការផ្សព្វផ្សាយផលិតផលទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ។

នៅពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានសហការជមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center/ACC) ផលិតវីឌីអូផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌ ដែលមានខ្លឹមសារជាភាសាចិន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ។

ដោយមានការអនុញ្ញាត និងណែនាំពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកបណ្ឌិត សុខ សុក្រឹត្យា អនុរដ្ឋលេខាធិការទទួលបន្ទុកទីផ្សារឌីជីថល និងដោយមានការសម្របសម្រួលពីលោកស្រី Yang Yanhui អគ្គនាយករបស់ Guilin Rong Media Development Research Association បានសហការជាមួយសារពត៌មានអនឡាញធំៗរបស់ចិន ចំនួន០៧ មានដូចជា៖ Tencent News, Baidu News, Sina Weibo, Phoenix News Media, Sohu, Jinri Toutiao, NetEase News បាននិងកំពុងផ្សព្វផ្សាយវីឌីអូនេះជាសាធារណៈនៅក្នុងប្រទេសចិន។

គួររំលឹកផងដែរថា វិស័យទេសចរណ៍បានចូលរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ហើយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យ ទេសចរណ៍ជាអទិភាព។

ដើម្បីរក្សាឱ្យបាននូវកំណើនទេសចរណ៍ជាវិជ្ជមាន ចំនួនពីរខ្ទង់ពីមួយឆ្នាំទៅមួយឆ្នាំ មានកត្តាចម្បងមួយចំនួន ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ៖
ទី១៖ ត្រូវផ្សព្វផ្សាយឱ្យអ្នកទេសចរ និង វិនិយោគិនយល់ដឹងពីស្ថិរភាពនយោបាយ និងគុណធម៌របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា​ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ និងសុវត្ថិភាបគ្រប់ទីកន្លែង។
​ទី២៖ ផលិតផលទេសចរណ៍ និងគោលដៅទេសចរណ៍ ត្រូវមានសកម្មភាពរស់រវើកតាមរដូវកាល ហើយបន្តការផ្សព្វផ្សាយ។
ទី៣៖ ទីក្រុងស្អាតមានអនាម័យ និងសេវាកម្មល្អ ជាមន្តស្នេហ៍មួយចងទឹកចិត្តទេសចរ ឱ្យមកទស្សនាម្តងហើយម្តងទៀត។

សូមទស្សនាវិដេអូខាងក្រោមនេះ៖