(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយស្ដីពី អនាគតនៃឧស្សាហកម្មភាពយន្ដនៅកម្ពុជា ដោយសិក្ខាសាលានេះអនុញ្ញាតឲ្យ ផលិតករជាតិ និងអន្ដរជាតិជុំជួបគ្នាបើកបង្ហាពី កត្តាប្រឈមក្នុងការផលិតភាពយន្ដ និងវិធីសាស្រ្ដថ្មីៗ ក្នុងការលើកស្ទួយវិស័យភាពយន្ដ ឲ្យកាន់តែរីកចម្រើនឡើង។
សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពី ផលិតករភាពយន្ដលោក ប៉ាន់ រិទ្ធី ផលិតករភាពយន្ដ និងជាស្ថាបនិកមជ្ឈមណ្ឌលធនធាន សោតទស្សន៍បុប្ផាណា, លោក លៀក លីដា ផលិតករ និងជាអ្នកដឹកនាំរឿងផលិតកម្ម LD Pictures, លោក Michael Chai អគ្គនាយកក្រុមហ៊ុន ចែកចាយភាពយន្ដ Westec Media និងសិក្ខាកាមជាច្រើនរូប។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈនៃក្រសួងវប្បធម៌ ការរៀបចំសិក្ខាសាលាស្ដីពី អនាគតនៃឧស្សាហកម្មភាពយន្ដកម្ពុជា ដើម្បីបើកបង្ហាញឲ្យដឹងថា រហូតមកដល់ឆ្នាំនេះ តើឧស្សាហកម្មភាពយន្ដកម្ពុជា ឈរនៅត្រង់ណា? មានចំណុចខ្វះខាតត្រង់ណាខ្លះ? និងត្រូវបំពេញបន្ថែមនូវចំណុចណាខ្លះ? ព្រោះបច្ចុប្បន្នមានមតិមួយចំនួនលើកឡើងថា ឧស្សាហកម្មភាពយន្ដកម្ពុជា នៅពេលបច្ចុប្បន្នកំពុងតែដើរថយក្រោយជាដើម។
លោកបញ្ជាក់ថា ជាក់ស្ដែងសម្រាប់សិក្ខាសាលាថ្ងៃនេះ បានផ្ដល់អត្ថប្រយោជន៍ច្រើន ដល់សិក្ខាកាម និងដល់ផលិតករកម្ពុជា ដើម្បីបើកបង្ហាញពីផលលំបាក ក្នុងការផលិតភាពយន្ដ និងការបង្កើនសមត្ថភាពនៃការផលិតភាពយន្ដជាដើម។
ផលិតករទាំងពីរបានបានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ទៅលើផលិតខ្សែភាពយន្ដនៅកម្ពុជា ដោយបានលើកស្រដៀងគ្នាថា ភាពយន្ដកម្ពុជាមានការរីកចម្រើនខ្លះដែរ ប៉ុន្ដែអត្រានៃការគាំទ្ររឿងជាតិនៅមានកម្រិតនៅឡើយ ព្រោះទស្សនជនគាំទ្ររឿងបរទេសច្រើនជាង។
បន្ថែមពីនេះផលិតករទាំងពីរក៏បាន បង្ហាញអំពីយុទ្ធសាស្រ្ដផ្សេងៗ ក្នុងការជំរុញ និងធ្វើយ៉ាងណាឲ្យវិស័យភាពយន្ដជាតិ កាន់តែរីកចម្រើន និងបន្ដឈានជើងចូលទីផ្សារអន្ដរជាតិ៕