(កណ្ដាល)៖ ថ្លែងនៅក្នុងទិវាអនាម័យបរិស្ថានជាតិ នៅវិទ្យាល័យកំពង់ភ្នំ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វ៉ាត រិទ្ធ អភិបាលរងស្រុកលើកដែក បានបំផុសគំនិតស្រលាញ់ ថែរក្សា អនាម័យបរិស្ថាន ដល់ពលរដ្ឋឲ្យមានការយល់ដឹងច្បាស់លាស់ និងចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត។
លោកអភិបាលរងស្រុក បានបញ្ជាក់ថា គោលបំណងដ៏សំខាន់ក្នុងទិវានេះ គឺកែប្រែទាំងផ្នត់គំនិត និងឥរិយាបថ របស់ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់បរិស្ថាន មានស្មារីចូលរួម ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាព និងបំផុសចលនាអប់រំប្រជាពលរដ្ឋ ឲ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាព ទីក្រុង ទីប្រជុំជន ជនបទ និងទីសាធារណៈផ្សេងៗ ដូច្នេះប្រធានបទក្នុងឆ្នាំនេះគឺ «ភូមិស្អាត សុខភាពល្អ»។ ប្រធានបទ ត្រូវបានបង្កើតឡើងសំដៅរួមចំណែកកសាងសង្គមកម្ពុជាមួយ មានបរិស្ថានល្អ ស្អាត បៃតង និងភាពស្រស់បំព្រង។
លោកបានបញ្ជាក់ថា «ប្រសិនបើយើងមិនយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ឲ្យបានល្អត្រឹមត្រូវនោះទេ វាប្រាកដជាបង្កផលប៉ះពាល់ មកដល់យើងជាក់ជាមិនខាន ដូចជាធ្វើឲ្យមានក្លិនស្អុយ មេរោគបង្កជំងឺ ការខ្ពើមរអើម ប៉ះពាល់ដល់យើង អ្នកជិតខាងយើង និងអ្នកដំណើរឆ្លងកាត់បណ្តាលឲ្យខូចសុខភាព។ ធ្វើឲ្យបាត់បង់សោភ័ណភាព អាប់ឱនកិត្តិយសគ្រួសារ មូលដ្ឋាន សង្គមជាតិ និងបាត់បង់ចំណូលពីវិស័យទេសចរណ៍។ បង្កឲ្យមានការបំពុលដល់បរិស្ថាន ដូចជាបំពុលទឹក ដោយសារធ្លាក់ចូលក្នុងប្រភពទឹកនានា កកស្ទះប្រព័ន្ធលូ(ទឹកលិចផ្លូវ)»។
លោកក៏បន្តថាទៀតថា ដើម្បីស្តារឡើងវិញនូវភូមិឋាន ទីប្រជុំជន ទីផ្សារ ទីសាធារណៈ មូលដ្ឋានផលិតកម្ម អាជីវកម្ម សេវាកម្ម ឲ្យមានភាពស្រស់បំព្រង និងភាពកក់ក្តៅនៃជីវិតរស់នៅ ត្រូវធ្វើគំរូ និងសម្អាតជាប្រចាំ គ្រប់តំបន់ គ្រប់ទីកន្លែង ឲ្យបានផុលផុស មានសោភ័ណភាពល្អស្អាត និងថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣ ដល់ឆ្នាំ២០៣០ និងបទបញ្ញាតិផ្សេងៗរបស់រាជរដ្ឋាភិបាល ស្ដីពីកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្តរភាព និងភាពស្ថិតស្ថេរសម្រាប់លើកស្ទួយដល់សុខុមាលភាពសង្គម និងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ មន្ទីរបរិស្ថានខេត្តកណ្តាល បានចែកជូននូវកូនឈើចំនួន៣១ដើម មាន៤ប្រភេទ ឈើទាល និងគគីរ១១ដើម ដើមឆ័ត្រម៉ាឡេ១៥ដើម រំដួល៥ដើម ធុងសំរ៉ាមចំនួន១០ធុង និងសសម្ភារអនាម័យ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សយកទៅដាំតាមគោលដៅរៀងៗខ្លួន៕