(ក្រចេះ)៖ លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងរដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកង្វះទឹកប្រើប្រាស់នារដូវប្រាំង ដែលឈានមកដល់ពេលខាងមុខនេះ។
ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងភូមិយៀវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការអញ្ចើញចូលរួមពីអភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក និងមន្រ្តីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សរុបចំនួន ២៥៥នាក់។
ក្នុងនោះលោកបានបញ្ជាក់ថា «បាតុភូត អ៊ែលនីណូ ដោយបានបង្កឲ្យធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ ដោយកម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះ ម្យ៉ាវិញទៀតបងប្អូនប្រជាកសិករធ្វើស្រែប្រាំ គឺមិនអាចធ្វើស្រែប្រាំងលើកទីពីរបានទេ»។
លោកបានជំរុញឲ្យអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវត្រៀមធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ក្នុងហាមឃាត់ប្រជាកសិករដែលធ្វើស្រែប្រាំង ក្រោយពេលប្រមូលផលរួច គឺមិនអនុញ្ញាតឲ្យធ្វើស្រូវប្រាំងម្តងទៀតទេ ប្រសិនបើអាចត្រូវជីកស្រះ ត្រពាំង ប្រឡាយ និងប្រភពទុកទឹក ទុកសម្រាបស្តុបទឹកទុកប្រើទាំងមនុស្ស និងសត្វពាហនៈ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានដឹងមុនដើម្បីឲ្យត្រៀមបង្ការ ត្រូវស្វែងរករក្សាប្រភពទឹកបង្ការ និងរាយការន៦ជូនរដ្ឋបាលខេត្ត ត្រូវត្រៀមសម្ភារសម្រាប់យកទឹកពីប្រភព ដែលមានយកមកដោះស្រាយជូនប្រជាពលរដ្ឋ។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា អាជ្ញាធរដែនដីនិង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ត្រូវតែធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់យើង ភូមិឃុំយើងទទួលបានសុវត្តិភាព និងមានការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត និងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់ឲ្យអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង ខិតខំដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាប្រឈម ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដូចជា បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ឲ្យបានទាន់ពេលវេលា ដោយគ្មានកំរ៉ៃសេវាឡើយ ជាពិសេសសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន៕