(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាមជ្ឈមណ្ឌលបានបំពាក់នូវឧបករណ៍ថ្មីទំនើបៗលក្ខណៈអន្តរជាតិ ដែលនាំចូលមកពី ប្រទេសស្វីស ប្រទេសអាឡឺម៉ង់ និងប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុប ជាមួយនឹងគ្រូបង្រៀនមកពីបរទេស ដែលសុទ្ធតែមានបទពិសោធន៍ក្នុងការបង្រៀនសិស្សនោះ បានបើកសម្ពោធជាផ្លូវការនៅក្នុងរាជធានីភ្នំពេញហើយ កាលពីដើមសប្តាហ៍កន្លងទៅនេះ នៅសណ្ឋាគារតាមីនអ៊ូអ៊ី ក្នុងរាជធានីភ្នំពេញ។
ពិធីបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នេះធ្វើឡើងក្រោមអធិបតីលោក ឯក ប៊ុនថា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Qiu Guoxing នាយកកិត្តិយស នៃមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា, លោក Xu Zhou ទីប្រឹក្សាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា , លោក Li Min នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខាមបូឌា) គ្រុប រួមទាំងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោក ឯក ប៊ុនថា បានថ្លែងថា ដោយការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានធ្វើឲ្យប្រទេសកម្ពុជា មានមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់ការផលិតនាឡិកាលំដាប់កំពូល។ លោករំពឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នឹងបន្តអភិវឌ្ឍទៅមុខ និងបង្កើតប្រវត្តិសាស្ត្រ របស់ខ្លួននៅកម្ពុជា ដែលអាចបង្ហាញពីកិត្តិនាមដ៏ល្បីល្បាញរបស់ខ្លួនលើឆាកអន្តរជាតិ ដូចអរិយធម៌ដ៏ត្រចះត្រចង់របស់អាណាចក្រអង្គរ លើតំបន់អាស៊ីអាគ្នេយ៍ដែរ។
លោក Qiu Guoxing បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសដែលប្រកាន់យកសាសនាព្រះពុទ្ធជាសាសនាចម្បង ដែលប្រជាជនខ្មែរមានទឹកចិត្តមោះមុត និងពោរពេញ ដោយភាពប៉ិនប្រសប់ ដែលយើងអាចមើលឃើញតាមរយៈចម្លាក់ថ្មនៃប្រាសាទអង្គរវត្ត ផលិតផលធ្វើពីប្រាក់ និងផលិតផលសូត្រជាដើម ដែលសុទ្ធតែជាវត្ថុសិល្បៈ ប្រកបដោយស្នាដៃល្អឯក។ ស្នាដៃសិល្បៈទាំងនេះបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត ហើយក៏បានបង្ហាញ ពីចរិតលក្ខណៈនៃភាពឧស្សាហព្យាយាម ស្លូតត្រង់ និងស្ងប់ស្ងាត់របស់ប្រជាជនខ្មែរ។
លោក Qiu Guoxing បានបញ្ជាក់ទៀតថា ចរិតលក្ខណៈទាំងនេះមានភាពស្រដៀងគ្នាខ្ពស់ជាមួយនឹងលក្ខខណ្ឌតម្រូវ នៃចរិតលក្ខណៈរបស់អ្នកបច្ចេកទេស ក្នុង ឧស្សាហកម្មផលិតនាឡិកា។ ឆ្លងកាត់ការពិចារណារបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានសម្រេចបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ក្នុងនាមអង្គការសប្បុរសធម៌ ព្រីនស៍ នៅកម្ពុជា ក្នុងគោលបំណងនាំចូលឧស្សាហកម្មផលិតនាឡិកា លំដាប់ខ្ពស់មកប្រទេសកម្ពុជា។
លោក Qiu Guoxing បានបន្ថែមថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា បានបំពាក់នូវអគារសិក្សាឧបករណ៍ និងបរិក្ខារទំនើបៗ ស្របតាមស្តង់ដារ នៃឧស្សាហកម្មផលិតនាឡិកាអន្តរជាតិ។ លោករំពឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា និងរួមគ្នាកសាងអនាគតកាន់តែប្រសើរ នៃឧស្សាហកម្មផលិតនាឡិកានៅកម្ពុជា ក៏ដូចជាសកម្មភាពសប្បុរសធម៌ផងដែរ ហើយបន្ទាប់ពីដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា នឹងចាប់ផ្តើមទទួលសិស្សដោយត្រូវឆ្លងកាត់ការជ្រើសរើសយ៉ាងតឹងរឹង ហើយរាល់ចំណាយថ្លៃសិក្សា ថ្លៃជីវភាព និងថ្លៃស្នាក់នៅ ត្រូវបានទទួលការគាំទ្រ ដោយអង្គការសប្បុរសធម៌ ព្រីនស៍ នៅកម្ពុជា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកនាឡិកា ដំបូងគេនៅកម្ពុជា ដោយប្រកាន់យកតម្រូវការនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម ផ្នែកនាឡិកានៅកម្ពុជាជាគោលដៅចម្បង មជ្ឈមណ្ឌលនឹងបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលមានជំនាញលើការផលិត និងជួសជុសនាឡិកា ប្រកបដោយវិជ្ជាជីវៈខ្ពស់។ កម្មវិធីសិក្សាមានរយៈពេល ២ឆ្នាំ ដែលអាចបណ្តុះបណ្តាលអ្នកជំនាញ ផលិតនាឡិកាប្រកបដោយសមត្ថភាពខ្ពស់ចំនួន ៨រូបក្នុងមួយឆ្នាំ។ មជ្ឈមណ្ឌលនឹងចាប់ផ្តើមវគ្គសិក្សាជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានេះ បានធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Time2team consult របស់ប្រទេសស្វីស និងបាននាំយកនូវធនធាន គ្រូបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈលំដាប់ពិភពលោក ជាក់ស្តែងដូចជា លោក Maarten PIETERS និងលោកស្រី Jessica Thakur ដែលមានបទពិសោធន៍ក្នុងវិស័យអប់រំផ្នែកនាឡិកាជាង ១០ឆ្នាំមកហើយដែលអ្នកទាំងពីរមានចំណេះដឹង និងបទពិសោធន៍ទាំងខាងទ្រឹស្តី និងការអនុវត្តផ្ទាល់៕