(កំពង់ធំ)៖ សិស្សានុសិស្សរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ ជាង៨០០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាពីក្រុមប្រឹក្សា ឃុំត្បូងក្រពើ ក្រោមការជួយឧបត្ថម្ភពី ព្រះសង្ឃរួម និងសប្បុរសជន។ ការចែកសម្ភារសិក្សា បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងឱកាសនោះលោក គៀង សេងគី ប្រធានក្រុមប្រឹក្សាឃុំត្បូងក្រពើ បានលើកឡើងថា សម្ភារដែលចែកជូនដល់សិស្សានុសិស្សទាំង ៨៣៤នាក់ មានសៀវភៅសរសរ និងប៊ិច សម្រាប់ជួយបន្ថែមលើសម្ភារ ដែលមានស្រាប់របស់សិស្សានុសិស្ស ក្នុងឆ្នាំសិក្សានេះ។ សម្ភារសិក្សាទាំងអស់នេះ គឺកើតចេញពីការជួយឧបត្ថម្ភពីក្រុមប្រឹក្សាឃុំ ត្បូងក្រពើ សប្បុរសជន អាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃផងដែរ។
លោកថ្លែងថា នេះគឺជាការជួយរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនធនធានមនុស្ស នៅតាមមូលដ្ឋានដោយផ្ទាល់ តាមរយៈការជួយគ្នាតាមលទ្ធភាពជាក់ស្តែង។ ម្យ៉ាងវិញទៀតនេះ គឺជាជំហាន ដែលឈានទៅរកការជំរុញ និងលើកទឹកចិត្តដ៏សំខាន់សម្រាប់កុមារដែលមករៀនផ្ទាល់ និងដាស់តឿនដល់មាតាបិតាដែល ជាអាណាព្យាបាលសិស្សគ្រប់រូប ផ្តល់ឱកាសឲ្យកូនៗរបស់ខ្លួន បានបញ្ចប់ការសិក្សាយ៉ាងហោចណាស់ ត្រឹមមធ្យមសិក្សាទុតិយភូមិ លុបបំបាត់អនក្ខរកម្មនៅក្នុងមូលដ្ឋានស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកំណែទម្រង់ស៉ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡា។
លោកបន្ថែមថា ការជួយ ដល់កុមារា និងកុមារីនៅថ្ងៃនេះ នឹងធ្វើឲ្យពួកគាត់មានចំណេះ ជំនាញ អាចស្វែករការងារធ្វើនៅ ក្នុងសង្គមទទួលមបានប្រាក់កម្រៃសមរម្យ កាត់បន្ថយភាពក្រីក្រផងដែរ។ ទង្វើនេះ គឺជាការផ្សាភ្ជាប់គ្នារវាងពុទ្ធចក្រ និងអាណាចក្រ បង្ហាញពីសីលធម៌ ការធ្វើទាន វប្បធម៌ចែករំលែក និងប្រព្រឹត្រតែអំពើរល្អ ចេះរួមរស់ជាមួយ ព្រមទាំងមានការអធ្យាស្រ័យគ្នាទៅវិញទៅមក៕