(អូស្លូ, ន័រវេស្ស)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធមីន ដែលបានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមសន្និសីទពិនិត្យឡើងវិញ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អង្គសន្នីសីទបានគាំទ្រយ៉ាងពេញទំហឹងអំពីសំណើសុំពន្យារពេលបោសសម្អាតមីន ជាលើកទី២របស់កម្ពុជាយើង។
លោកទេសរដ្ឋមន្រ្តីថា សមាជិកសមាជិកា នៃអង្គសន្និសីទទាំងអស់ ដែលបានមកពីប្រទេសជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា បានដឹងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានឆន្ទៈ ការប្តេជ្ញាខ្ពស់បំផុត និងផែនការយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ សម្រាប់វិស័យសកម្មភាពមីននៅប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជួយដល់ជនរងគ្រោះដោយសារមីន បន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាព តាមរយៈយុទ្ធសាស្រ្ត ឈ្នះឈ្នះរបស់សម្តេច។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា គណៈប្រតិភូមអាជ្ញាធរមីន បានជួបប្រជុំទ្វេភាគី គ្រប់ប្រទេសដែលកំពុងផ្តល់ជំនួយ ប្រទេសដែលអាចនឹងផ្តល់ជំនួយ ព្រមទាំងដៃគូរអភិវឌ្ឍន៍ផ្សេងៗ ហើយជាលទ្ធផលនៃជំនួបនោះ តំណាងមកពីប្រទេសកាណាដាបានគាំទ្រយ៉ាងខ្លាំង ហើយបានសន្យាថា នឹងស្នើសុំឲ្យរាជរដ្ឋាភិបាលរបស់គេឲ្យបង្កើនជំនួយសម្រាប់វិស័យសកម្មភាពមីន នៅកម្ពុជាបន្ថែមទៀត។
បើតាមលោកទេសរដ្ឋមន្រ្តី តំណាងមកពីប្រទេសស៊ុយអែត ក៏បានគាំទ្រយ៉ាងខ្លាំង ដោយសន្យាថា នឹងស្នើសុំឲ្យរដ្ឋាភិបាលរបស់គេផ្តល់ជំនួយមនុស្សធម៌ដល់វិស័យសកម្មភាពមីននៅកម្ពុជាផងដែរ ដើម្បីជួយឲ្យប្រទេសកម្ពុជាសម្រេចបានតាមផែនការយុទ្ធសាស្រ្តសកម្មភាពមីន២០១៩-២០២៥។
លោកទេសរដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា សមាជិកសមាជិកា នៃអង្គសន្និសីទបានចូលរួមវេទិកាអមរបស់អាជ្ញាធរមីនយើងយ៉ាងច្រើនកុះករ ហើយបានសម្តែងនូវសេចក្តីពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរមីន និងការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជួយដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បន្ទាប់ពីប្រទេសរបស់យើងទទួលបានសន្តិភាព៕