(ភ្នំពេញ)៖ សន្ដិភាព និងស្ថេរភាពនយោបាយ ដែលកម្ពុជាកំពុងតែមានដូចពេលបច្ចុប្បន្ននេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ មានឱកាសទទួលបានផលលាភពីរាជរដ្ឋាភិបាល ហើយកត្តាសំខាន់ទាំងពីរនេះ ក៏បាននាំមកនូវកំណើនសេដ្ឋកិច្ចដល់ប្រទេសជាតិផងដែរ តាមរយៈការវិនិយោគពីបរទេស។
នេះបើតាមការឲ្យដឹងពីលោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពជាតិ និងការបែងចែកផលលាភប្រកបដោយសមធម៌» ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ផាន់ ផល្លា បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់សន្ដិភាព ដែលយើងបានតាំងពីឆ្នាំ១៩៩៨ សន្ដិភាព ស្ថេរភាពនយោបាយនេះ បានអនុញ្ញាតិឲ្យប្រជាជនយើង មានឱកាសទទួលបាននូវផលលាភ។ សន្ដិភាព និងស្ថេរភាពនយោបាយ បាននាំមកនូវការជឿទុកចិត្តនៃវិនិយោគិនបរទេស បាននាំមកនូវកំណើនសេដ្ឋកិច្ច បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសធ្វើការរកស៉ី ដោយគ្មានការភ័យខ្លាច ហើយមានលទ្ធភាពបង្កើនជីវភាពខ្លួនឯង»។
មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានអះអាងទៀតថា តាមរយៈសន្ដិភាព និងស្ថេរភាពនយោបាយ បានទាក់ទាញនូវវិនិយោគិនបរទេសជាច្រើន ហើយបានបង្កើតការងារជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដែលនេះជាឱកាសដែលទទួលបានពីផលលាភ ក្នុងនោះមានទាំងផលលាភសេដ្ឋកិច្ច ផលលាភសន្ដិភាព និងស្ថេរភាពនយោបាយ។
លោក ផាន់ ផល្លា បានគូសបញ្ជាក់ថា ចំណុចសំខាន់នៃការបែងចែកភាគលាភជូនប្រជាពលរដ្ឋនេះ គឺគោលនយោបាយសារពើពន្ធ។ ក្រោយបានដាក់ចេញគោលនយោបាយនេះ រាជរដ្ឋាភិបាលបានវិនិយោគវិញទៅកាន់ប្រជាពលរដ្ឋ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក ប្រឡាយ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលជាដើម។
តាមការព្យាករណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៃផ.ស.ស (GDP) កើនឡើងដល់២៩,៣៦២លានដុល្លារអាមេរិក ខណៈចំណូលសម្រាប់ ប្រជាពលរដ្ឋម្នាក់ៗ កើនឡើងដល់១,៨១៦ដុល្លារអាមេរិក ធៀបនឹងក្នុងឆ្នាំ២០១៩ មានចំនួន១,៦៧៩ដុល្លារអាមេរិក៕