(កំពង់ចាម)៖ ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាជាថ្មីម្ដងទៀត ឲ្យកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ត្រូវតែបង្កើន និងពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារថែរក្សា សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បទបញ្ជាថ្មីនេះ ត្រូវបានរំលេចឡើង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាស លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែនជំនាញ លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយផ្នែកបេតិកភ័ណ្ឌ លោកអធិការ អធិការងនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន៣៤១នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា កិច្ចការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលត្រូវតែពង្រឹងការអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមអ្វីដែលជាភារកិច្ចថ្នាក់ដឹកនាំប្រគល់ជូន៕