(ភ្នំពេញ)៖ គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៉ី ដឹកនាំដោយលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៉ី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ «ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩» នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងឃ្យុងយូ ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ។
ពិព័រណ៍វប្បធម៌នេះប្រព្រឹត្តទៅមានរយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ «វប្បធម៌ជាកូនសោអនាគតរបស់យើង»។
នៅក្នុងពិធីបិទលោកស្រីបានថ្លែងទៅកាន់អង្គពិធីថា ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍វប្បធម៌ពិសេសមួយដែលវប្បធម៌ត្រូវបានបង្ហាញជាប្រភពនៃសន្តិភាព ភាពសុខដុមរមនា ការអភិវឌ្ឍន៍ ការផ្សារភ្ជាប់ទំនាក់ទំនង ភាពច្នៃប្រឌិត និងនវានុវត្តន៍ ស្របពេលដែលកម្ពុជាកំពុងរៀបចំគោលនយោបាយស្តីពីវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍២០២០-២០៣០។ ពិព័រណ៍វប្បធម៌នេះមិនត្រឹមតែជាការអបអរសាទរភាពរុងរឿងនៃអតីតកាលប៉ុណ្ណោះទេ វាជាការតភ្ជាប់អតីតកាល ជាមួយនឹងបច្ចុប្បន្នកាល ហើយឆ្លុះបញ្ចាំងទៅអនាគត។
លោកស្រី ឃួន សុដារី បានថ្លែងបន្ថែមថា កិច្ចសហប្រតិបត្តិការនៅក្នុងពិព័រណ៍វប្បធម៌នេះ ធ្វើឡើងដើម្បីកសាងស្ពាន បង្កើនបណ្តាញទំនាក់ទំនង និងវេទិកា រវាងសហគមន៍ និងរដ្ឋាភិបាល ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការជំរុញភាពចម្រុះនៃវប្បធម៌។
ក្នុងកំឡុងពេលនៃការអញ្ជើញចូលរួមពិធីបិទនេះដែរ គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៉ីក៏បានជួបសំណេះសំណាលជាមួយ លោក លី ឆុលអ៊ូ អភិបាលខេត្តឃ្យុងសាងបុកដូ និងជាប្រធានមូលនិធិពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ អំពីការលើកកម្ពស់កម្រិតទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកនូវសក្តានុពលភាពនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្រោយពីជំនួបសំណេះសំណាល និងពិភាក្សាការងារ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាវប្បធម៌អាស៉ី និងខេត្តឃ្យុងសាងបុកដូ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈ មនុស្សសាស្រ្ត និងការការពារបេតិកភណ្ឌ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការបណ្តុះបណ្តាល ការហ្វឹកហាត់ និងការផ្លាស់ប្តូរធនធានមនុស្សទៅវិញទៅមក។ អនុស្សរណៈនៃការយោគយល់គ្នានេះក៏បានឯកភាពលើគម្រោងជួសជុល កែលម្អ និងអភិរក្ស មជ្ឈមណ្ឌលអភិរក្សអង្គរ ដើម្បីជាការបង្ហាញនៃការអនុវត្តការអភិរក្សបេតិកភណ្ឌរូបីរួមគ្នា។ ក្រុមប្រឹក្សាវប្បធម៌អាស៉ីនឹងផ្តល់នូវវេទិកាមួយសម្រាប់អនុវត្តគម្រោងនេះ ហើយរដ្ឋាភិបាលខេត្តឃ្យុងសាងបុកដូ នឹងផ្តល់នូវជំនាញបច្ចេកទេស។
ជាមួយគ្នានេះផងដែរ លោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៉ី ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងលេខាធិការដ្ឋានក្រុមប្រឹក្សាវប្បធម៌អាស៉ី និងលេខាធិការដ្ឋាន អង្គការទីក្រុងបេតិកភណ្ឌពិភពលោកប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក តំណាងដោយលោក យាំង លី ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍទីក្រុងបេតិកភណ្ឌ។
គួររំលឹកផងដែរថា កម្ពុជា និងកូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងជាមួយគ្នាជាផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ ទំនាក់ទំនងថ្មីនេះបានធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសកូរ៉េខាងត្បូងនាឆ្នាំ១៩៩៦។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចមួយដ៏សំខាន់ ក្នុងការស្វះស្វែងរកលទ្ធភាពបង្កើតចំណងការទូត ជាមួយកូរ៉េខាងត្បូងជាប្រវត្តិសាស្ត្រ។ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងរយៈពេលប្រមាណជា២២ឆ្នាំមកនេះ បានរីកលូតលាស់ជាលំដាប់ ហើយក៏បាននាំមកនូវប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ រវាងប្រទេសទាំងពីរគួរឱ្យកត់សម្គាល់។
ក្នុងគោលដៅរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្រធានគណៈប្រតិភូកម្ពុជាក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក ជូ ណាក់យាំង អភិបាលក្រុងឃ្យុងយូ និងលោក យូ ហេលីម អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិព័ណ៍ អំពីភាពជាអ្នកដឹកនាំ សមត្ថភាពរបស់ស្ថាប័ន ក៏ដូចជាការកៀរគរធនធាន និងកិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅបន្តគាំទ្រគ្នាទៅវិញទៅមក លើការពង្រឹងបន្ថែមនូវសមត្ថភាពអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្ត។
នៅក្នុងដំណើរទស្សនៈកិច្ចនេះលោកស្រីប្រធានគណៈប្រតិភូ ក៏បានទស្សនាទីតាំងប្រវត្តិសាស្រ្តជាច្រើន ដែលជាឧទ្យានបេតិកភណ្ឌជាតិកូរ៉េ ក៏ដូចជាឧទ្យានបេតិកភណ្ឌពិភពលោក ដែលបង្ហាញពីសាសនា និងរាជ្យវង្សសានុវង្សនៃព្រះរាជាណាចក្រសីឡា របស់កូរ៉េកាលពី១៣០០ឆ្នាំមុន។ ក្នុងអំឡុងពេលនៃពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩ រយៈពេល៤៥ថ្ងៃនេះ មានការសម្តែងសិល្បៈ និងការតាំងបង្ហាញពិព័រណ៍ចម្រុះ ដែលមានការចូលរួមពី ២៧ប្រទេស និងមានភ្ញៀវទេសចរចូលរួមសរុបប្រមាណមួយលាននាក់។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជូនគណៈប្រតិភូសិល្បៈ ដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅចូលរួមក្នុងពិធីបើក និងការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ផងដែរ។
ថ្លែងពីលទ្ធផលក្នុងពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ លោក សួស យ៉ារ៉ា បានបញ្ជាក់ថា «យើងបានសម្រេចលទ្ធផលគួរជាទីគាប់ប្រសើរណាស់»។
លោកបន្តថា នេះជាកិត្តិយសមួយរបស់សាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមប្រឹក្សានៃអង្គការវប្បធម៌ពិភពលោក ដែលបានសហការជាមួយក្រុមប្រឹក្សាអង្គការនៃវប្បធម៌អាស៉ីនេះ ដោយបានលើកតម្កើងកិច្ចសហប្រតិបត្តិការពិសេសនៅក្នុងតំបន់អាស៉ី លើវិស័យវប្បធម៌ ដែលមានការចូលរួមសម្តែងពីប្រទេស១០ នៅក្នុងតំបន់អាស៉ី ហើយអនុញ្ញាតឱ្យកម្ពុជាយើង បានសម្តែងនូវទេពកោសល្យរបស់ខ្លួន នៅក្នុងការរៀបចំពិព័រណ៍ នៃវប្បធម៌ពិភពលោកនេះផងដែរ។
លោក សួស យ៉ារ៉ា បានឱ្យដឹងទៀតថា «អ្វីដែលសំខាន់ យើងចង់ជម្រាបជូនថា ទាំងអស់គ្នាយល់ឃើញថា វប្បធម៌មិនត្រឹមតែជាការអភិរក្សមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវប្បធម៌ពិតជាបានផ្តល់នូវសក្ខីភាពយ៉ាងច្បាស់លាស់ថា នឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដូច្នេះការច្នៃប្រឌិត នៅក្នុងផ្នែកវប្បធម៌ គឺមានសារៈសំខាន់ណាស់ ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍមួយ ដែលមិនបង់នូវអត្តសញ្ញាណរបស់ខ្លួន ដូច្នេះហើយចំណុចនេះ ខ្ញុំបាទសូមជម្រាបជូនជនរួមជាតិ ឲ្យបានជ្រាបថា ចំណុចពិសេសនៃគណៈប្រតិភូកម្ពុជា គឺជាលើកទីមួយហើយ ដែលយើងបានដឹកនាំគណៈប្រតិភូមកចូលរួមកម្រិតអន្តរជាតិ ស្របពេលប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ម៉ូ ជីអ៉ីន បានប្រកាសនូវគំនិតផ្តួចផ្តើម ស្របនឹងទស្សនៈនៃវប្បធម៌អាស៉ី គឺបង្កើតនូវកិច្ចប្រជុំកំពូលនវានុវត្តន៍វប្បធម៌ លើកទី១ នៅឆ្នាំ២០២០ ខាងមុខនេះ»។
បើតាមអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៉ីរូបនេះ បានកត់សម្គាល់ថា យើងមានសេចក្តីរីករាយដោយសារជនជាតិ ក៏ដូចជាប្រជាជាតិអាស៉ីទាំងមូលថា តម្លៃនៃវប្បធម៌របស់យើង បានធ្វើឲ្យយើងមានសង្ឈឹមទៅថ្ងៃអនាគត ក្នុងការបង្កើតនូវការងារថ្មី បង្កើតនូវប្រាក់ចំណូលថ្មីតាមរបៀបនវានុវត្តន៍វប្បធម៌។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៦ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានសហការរៀបចំពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូ នៅខេត្តសៀមរាប ដោយទទួលបានការចូលរួមពីប្រទេសជាង៣០ និងភ្ញៀវទេសចរជាងមួយលាននាក់។ វប្បធម៌មិនត្រឹមតែជាការអភិរក្សបេតិភណ្ឌរូបី និងអរូបីប៉ុណ្ណោះទេ វប្បធម៌គឺជាប្រភពយ៉ាងសំខាន់មួយ នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានអត្តសញ្ញាណជាតិ៕