(ភ្នំពេញ)៖ គណៈប្រតិភូនៃទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីប្រមូលព័ត៌មានស្តីពីសុវត្ថិភាព និងសុខភាពការងារ និងសន្យាថានឹងបន្តជួយកម្ពុជាក្នុងការលើកកម្ពស់បញ្ហាសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសឱ្យកាន់តែប្រសើរបន្ថែមទៀត និងដើម្បីបង្ហាញនូវការគាំទ្រដល់គម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្ពុជាផងដែរ។

ឆន្ទៈដ៏មោះមុតនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Heaeun CHOI អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្រសួងការងារកូរ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើដល់ភាគីកូរ៉េជួយពន្លឿនការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាឲ្យរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ ដើម្បកាត់បន្ថយនូវគ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈរបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដែលច្បាប់នេះបានប្រើប្រាស់នៅក្នុងតំបន់អាស៊ានរួចមកហើយដែរ លើកលែងតែប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់នេះនៅឡើយ។

ជាការឆ្លើយតប លោកស្រី Heaeun CHOI បញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានកំពុងតែរៀបចំច្បាប់ គតិយុត្ត និងចុះសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធានាថាក្រោយពីច្បាប់នេះត្រូវបានដាក់ឲ្យអនុវត្ដ គឺទទួលការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងផ្ដល់ផលប្រយោជន៍ដល់កម្មករនិយោជិតកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បញ្ជាក់បន្ថែមថា ការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារបានកំណត់នៅក្នុងកម្មវិធីទី១នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់លើសុខមាលភាព និងសុវត្ថិភាពការងារពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះកម្មករនិយោជិត។

ជាងនេះទៅទៀត ការរៀបចំច្បាប់ស្តីពីសុវត្ថិភាពការងារនឹងរួមចំណែកក្នុងការកែលម្អក្របខណ្ឌច្បាប់ បំពេញការខ្វះខាតលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យនេះ ពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ការកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ដែលរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព និងពិពិធកម្មផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ព្រមទាំងការប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា ដោយមានការស្នើសុំពីភាគីកម្ពុជាលើការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ KOSHA បានឯកភាពលើការគាំទ្រដល់កម្ពុជាក្នុងការសិក្សាស្រាវជ្រាវ និងរៀបចំដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ តាមរយៈគម្រោងសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣)។

គម្រោងនេះមានគោលបំណងសិក្សាស្រាវជ្រាវ និងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដែលនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារជាអ្នកអនុវត្តគម្រោង ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងមុខរបប និងការងារ និង KOSHA ដែលប្រើប្រាស់ថវិកាសរុបចំនួន ២៧៧,៨៦៣ដុល្លារអាមេរិក៕