(ភ្នំពេញ)៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទ ធនាគារអាស៊ានលើកទី២២ សន្និសីទនេះផ្តោតសំខាន់លើ លើកំណែទម្រង់ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ នៅតំបន់អាស៊ីអាគ្នេយ៍។ នេះគឺជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទធនាគារអាស៊ាន ដែលគេដាក់វេនគ្នារៀបចំ តាមបណ្តាប្រទេសសមាជិកអាស៊ានរៀងរាល់២ឆ្នាំម្តង។
កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពី ប្រតិភូប្រមាណ៥៥០នាក់មកពី តំបន់អាស៊ានក៏ដូចជាប្រតិភូ និងអ្នកចូលរួមកម្ពុជាជាច្រើននាក់ទៀត សន្និសីទធនាគារអាស៊ានលើកទី២២នេះ ពិភាក្សាលើប្រធានបទ «ការតភ្ជាប់អាស៊ាន ២០២៥៖ ពិភពឌីជីថលទំនើប សម្រាប់វិស័យធនាគារអាស៊ានតែមួយ» ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសារសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងការតភ្ជាប់គ្នាតាមរយៈសេវាអ៊ីនធឺណិតក្នុងវិស័យធនាគារ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា «ខ្ញុំជឿជាក់ថាប្រតិភូទាំងអស់ នឹងមានឱកាសស្វែងយល់ ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការធនាគារ សំដៅបំពេញតម្រូវការកើនឡើង របស់អតិថិជនព្រមទាំងពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រតិបត្តិការធនាគារ»។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិធនាគារអេស៊ីលីដា ក៏បានលើកឡើងពីសារសំខាន់នៃ ការបញ្ចូលបច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការរបស់ធនាគារ។
លោកបានឲ្យដឹងថា ការបំលែងទៅឌីជីថលគឺ គ្រាន់តែផ្លាស់ប្តូរប្រតិបត្តិការធនាគារពីបែបចាស់ ទៅជាបែបឌីជីថល។ នេះជាការផ្លាស់ប្តូរដ៏ធំមួយទៅលើរបៀបដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ស្វែងយល់អំពីអន្តរកម្ម និងបំពេញតម្រូវការរបស់អតិថិជន។
លោកស្រី Yuni Lee Heathcote នាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM មើលឃើញថា អ៊ីនធឺណិតដើរតួនាទីសំខាន់ ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគាំទ្រ ដល់វិស័យធនាគារ ខណៈវិស័យនេះកំពុងធ្វើការការបំលែងទៅឌីជីថល។
លោកស្រីបញ្ជាក់ថា វិស័យធនាគារកំពុងឆ្លងកាត់ ការបំលែងទៅឌីជីថលយ៉ាងខ្លាំងក្លា តួយ៉ាងដូចជា ការបញ្ចូល និងប្រើប្រាស់នូវបច្ចេកវិទ្យា fintech និង blockchains ដើម្បីរក្សាភាពឈានមុខនៅក្នុងទីផ្សាររបស់ខ្លួន។ ក្រុមហ៊ុន EZECOM មានមោទនភាពដែលបានទទួលការទុកចិត្ត និងគាំទ្រថា ជាសេវាអ៊ីនធឺណិតល្អជាងគេ សម្រាប់សហគ្រាស និងក្រុមហ៊ុនអាជីវកម្ម។
លោកស្រីប ន្ដថា យើងក៏កំពុងឆ្លងកាត់ការបំលែងទៅឌីជីថល នៅក្នុងក្រុមហ៊ុនរបស់ដើម្បីធានាថា បន្តផ្តល់សេវាកម្មឈានមុខគេ និងហួសពីការរំពឹងទុក សម្រាប់អតិថិជនកម្រិតសហគ្រាស។
សូមជម្រាបថា តាំងពីឆ្នាំ២០០៧មក EZECOM ជាក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេ សម្រាប់ក្រុមហ៊ុន និងសហគ្រាសនៅកម្ពុជា ហើយក្រុមហ៊ុនជាអ្នកឧបត្ថម្ភ ក្នុងសន្និសីទធនាគារអាស៊ានលើកទី២២ផងដែរ។ ឆ្នាំ២០១៧ក្រុមហ៊ុន EZECOM បានសម្ពោធ ខ្សែកាបក្រោមបាតសមុទ្រដំបូងគេបង្អស់របស់កម្ពុជា ដើម្បីបង្កើនទំហំចែកចាយអ៊ីនធឺណិត ក៏ដូចជាធ្វើឱ្យសេវាអ៊ីនធឺណិតរបស់ខ្លួន មានល្បឿនលឿន មិនរអាក់រអួល និងមានសន្តិសុខខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការចំពោះ សេវាអ៊ីនធឺណិតដែលមានគុណភាពខ្ពស់នៅកម្ពុជា៕