(កោះកុង)៖ ក្រុមហ៊ុន CDX នៃមន្រ្តីជាន់ខ្ពស់គណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាផ្សព្បផ្សាយស្តីពី អ្វីទៅជាជួញដូរឧបករណ៍និស្សន្ទ ការត្រៀមខ្លួនការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ ក្នុងការវិនិយោគ ក្រោមវត្តមានលោក ស៊ូ សុជាតិ ជាអគ្គនាយកនៃគណៈកម្មការប្រមូលបត្រកម្ពុជា, លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង មន្ត្រីរាជការ និងម្ចាស់អាជីវករជាច្រើននាក់ផងដែរ។
លោក ស៊ូ សុជាតិ បានថ្លែងថា មូលហេតុដែលគណៈកម្មការមូលបត្រ បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក៏ព្រោះតែមានបំណងជំរុញដល់អ្នកពាក់ព័ន្ធ យល់ដឹងកាន់តែច្រើនការគ្រប់គ្រង ហានិភ័យ និងកាលានុវត្តភាព មុននឹងសម្រេចចិត្តវិនិយោគលើឧបករណ៍និស្សន្ទ ឬភាគហ៊ុនមូលបត្រ។
លោកបន្ថែមទៀតថា របៀបធ្វើជំនួញប្រភេទនេះ ជាអាជីវកម្មថ្មីមួយសម្រាប់អ្នកពាក់ព័ន្ធគ្រប់រូប មិនថាតែប្រជាពលរដ្ឋ មន្រ្តីរាជការ និងក្រុមហ៊ុននានាក្នុងខេត្តកោះកុងទេ ដែលចាំបាច់យល់ឱ្យច្បាស់លាស់ពីផលិតផល សេវាកម្មដែលចង់ផ្តើមវិនិយោគដោយខ្លួនឯង ដើម្បីចៀសវាងខាតបង់ព្រោះតែក្រុមហ៊ុនមួយចំនួនគ្មានអាជ្ញាបណ្ណត្រឹមត្រូវបានតាមច្បាប់ ហើយចន្លោះចុងឆ្នាំ២០១៦ ធ្លាប់មានក្រុមហ៊ុនមួយចំនួនបានបើកអាជីវកម្មជំនាញប្រភេទនេះ គ្មានច្បាប់អនុញ្ញាតឡើយ ដែលបង្កអ្នកវិនិយោគរងការខូចខាតធនធាន ទាំងពួកគេពុំបានយល់ដឹងច្បាស់ពីរបៀបធ្វើជំនួញ និងការទទួលបានផលប្រយោជន៍ ហើយផ្ទុយពីក្រុមហ៊ុនមានសិទ្ធិវិនិយោគស្របច្បាប់ ដែលទទួលស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា។ តែទោះយ៉ាងណា បច្ចុប្បន្ននេះ ស្ទើរតែគ្មានក្រុមហ៊ុនណាមួយ ហ៊ានលួចប្រតិបត្តិខុសច្បាប់ទេ គ្រាអ្នកជំនាញមានវិធានការតឹងរឹង។
លោកបានបញ្ជាក់ថា ការផ្តល់ចំណេះដឹងអំពីការជួញដូរឧបករណ៍និស្សន្ទ ឬមូលបត្រភាគហ៊ុន ដល់អ្នកពាក់ព័ន្ធជិត២០០នាក់ នៅក្នុងខេត្តកោះកុង នាពេលនេះ គឺត្រូវបានអ្នកជំនាញមកពីគណៈកម្មការមូលបត្រកម្ពុជា សហការជាមួយក្រុមហ៊ុនវិស័យឯកជនចំនួន២ គឺក្រុមហ៊ុន CDX និងក្រុមហ៊ុន Golden FX Link Cambodia បានរួមគ្នាបង្ហាញចែករំលែកបណ្តុះបណ្តាលពន្យល់ ដើម្បីត្រៀមខ្លួនទទួលផលចំណេញពេលដាក់វិនិយោគ។
ការធ្វើជំនាញតាមរយៈឧបករណ៍និស្សន្ទ ឬការជួញដូរមូលបត្រ ទើបផ្តើមប្រតិបត្តិការអាជីវកម្មកាលពីឆ្នាំ២០១៦ប៉ុណ្នោះ។ ខេត្តកោះកុង ជាខេត្តទី១៧ហើយ ដែលទទួលបានការវគ្គបណ្តុះបណ្តាល ពីរបៀបធ្វើជំនួញឧបករណ៍និស្សន្ទ។ បច្ចុប្បន្ន គណៈកម្មការមូលបត្រកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសមភាគីចំនួន៥ និងអាជ្ញាប័ណ្ណដល់ឈ្នួញជើងសាឧបករណ៍និស្សន្ទ ចំនួន៣០ក្រុមហ៊ុនទៀតផង។
ចំណែកលោក ឡរិន ឃុគ (Lawrence Kook) អភិបាលនៃក្រុមហ៊ុន CDX ថ្លែងពន្យល់ថា ការធ្វើជំនួញប្រភេទនេះ ឱ្យទទួលបានជោគជ័យ គឺទាមទារអ្នកវិនិយោគពូកែខាងវិភាគទាំងផ្នែកបច្ចេកទេស និងមូលដ្ឋានទូទៅដូចជាការយល់ដឹង ពីការប្រែប្រួលហាងឆេងផលិតផល និងសេវាកម្មនានាលើទីផ្សារពិភពលោក។ ដូច្នេះទើបក្រុមហ៊ុនបង្កើនការបណ្តុះបណ្តាលដឹងដល់អ្នកពាក់ព័ន្ធ ឲ្យបានយល់លក្ខណៈសម្បត្តិសំខាន់ៗ មុននឹងធ្វើការសម្រេចចិត្តដាក់ទុនរកស៉ីប្រកបដោយភាពជោគជ័យ។
ម៉្សាងទៀតឧបករណ៍និស្សន្ទ គឺសំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ នៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ លោហៈធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយបណ្ណ រួមទាំងអស់គម្រោងការពារថ្លៃដើម និងដែលត្រូវបានជួញដូរក្នុងទីផ្សារ។
គួរជម្រាបថា បទបង្ហាញដែលផ្តល់ចំណេះដឹងដល់អ្នកកោះកុង មាន៤គឺ ទី១៖ ទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ និងបទប្បញ្ញត្តិគ្រប់គ្រង, ទី២៖ ហេតុអ្វីបានជាវិនិយោគលើឧបករណ៍និស្សន្ទ?, ទី៣៖ យុទ្ធសាស្ត្រក្នុងការជួញដូរឧបករណ៍និស្សន្ទ និងទី៤៖ ឱកាសវិនិយោគនៅក្នុងទីផ្សារឧបករណ៍និស្សន្ទ ដែលអាចជួយដល់វិនិយោគិនក្នុងការត្រិះរិះពិចារណា មុននឹងសម្រេចចិត្តក្នុងការវិនិយោគជាមួយក្រុមហ៊ុនណាមួយពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទ៕