(ស្វាយរៀង)៖ អគារការិយាល័យរដ្ឋបាល និងសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ត្រូវបានដាក់សម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានចូលរួមពីក្រុមការងារសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាច្រើនរូបផងដែរ។
អគារការិយាល័យរដ្ឋបាលនេះ ជាការឧបត្ថម្ភសាងសង់ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិការគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល ដែលចំណាយថវិកាសាងសង់អស់ចំនួន ២៧៥,៤០០ដុល្លារអាមេរិក។
អគារការិយាល័យ និងសាលប្រជុំមានកំពស់ ១ជាន់ ទំហំ ១៦.៣០x៤៣.៩០ម៉ែត្រ។ រយៈពេលនៃការសាងសង់វិញមានរយៈ ១១ខែ ចាប់គិតពីថ្ងៃបញ្ចុះបឋមសិលា រហូតដល់ថ្ងៃសម្ពោធជាផ្លូវការថ្ងៃនេះ។
មន្រ្តីគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងថា អគារថ្មីស្រឡាងនេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដើម្បីធ្វើកិច្ចការងារ គណបក្សឲ្យកាន់តែទទួលបានការគាំទ្រ ពីពលរដ្ឋយ៉ាងច្រើនបន្ថែមទៀតមកលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។
មួយវិញទៀតទាំងអស់នេះ ជាការខិតប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះខេត្ត ទាំងអស់ ដែលបានចូលរួមទាំងថវិកា និងចុះទៅមូលដ្ឋានក្នុងការពង្រឹងការងារបក្សឲ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ គាំទ្រមកលើគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីទទួលបាន ៥លើ៥អាសនៈ ក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋសភាអាណត្តិទី៦នេះផងដែរ៕