(ព្រះវិហារ)៖ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពី «ការចាត់វិធានការថែរក្សាទឹកទុក» ក្រោមវត្តមានលោក ប៊ុន ហាន រដ្ឋលេខាធិការក្រសួងធនធានទឹក តំណាងលោករដ្ឋមន្រ្តី លឹម គានហោ និងលោក គោ ស៊ុបុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក ចាប កុយ ប្រធានមន្ទីរធានធានទឹកខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ពន្ធ័ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀត។
លោក ប៊ុន ហាន បានថ្លែងថា ក្នុងខ្លឹមសារសារាចរនេះ មិនមែនហាមឃាត់មិនឲ្យប្រើប្រាស់ទឹកទេ តែយើងត្រូវប្រើដោយសន្សំសំចៃ យើងថែរក្សាទឹកទុក ហើយក៏មិនមែនមានន័យទុកមិនឲ្យប្រើនោះទេ គឺចង់សំដៅថាតើយើងត្រូវប្រើរបៀបណា?។
លោករដ្ឋលេខាធិការបានបន្តថា តម្រូវការប្រើប្រាស់ទឹកទី១ គឺប្រើលើស្រូវវស្សា ឫស្រូវធ្ងន់ និងទី២ គឺត្រូវប្រើនៅរដូវស្រូវប្រាំងគឺប្រាំង២០១៩-២០២០ ហើយចំពោះស្រូវវស្សាដើមរដូវវិញ គឺហាមដាច់ខាតមិនឲ្យធ្វើទេ។ លោកបន្តថា ការរក្សាទឹកទុកនេះក្រៅពីបម្រើឲ្យការងារស្រោចស្រព គឺយើងប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តត្រូវប្រើដោយលក្ខណៈសន្សំសំចៃ មិនមែនថាមិនឲ្យប្រើនោះទេ។
ដោយឡែក លោក គោ ស៊ុប៊ុនសឿត បានសំណូមពរដល់អភិបាលក្រុង ស្រុក ត្រូវរៀបចំផែនការសហការជាមួយឃុំសង្កាត់ដើម្បីធ្វើការផ្សព្វផ្សាយបន្តនូវសារាចរណែនាំដ៏មានសារសំខាន់នេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុកត្រូវធ្វើរបាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្តបូកសរុបមើលលទ្ធភាពនៅពេលណាដែលយើងមានបញ្ហាជួបប្រទះការខ្វះខាត និងបានជួយទាន់ពេលវេលា។
លោក ចាប កុយ បានថ្លែងថា នៅទូទាំងខេត្តព្រះវិហារ មានប្រព័ន្ធធារាសាស្ត្រសរុប ១៦៦កន្លែង បន្សល់តាំងពីសមយ័ប៉ុលពត និងបានជួសជុលស្តារឡើងវិញចំនួន ៣២កន្លែង និងបានស្តារប្រឡាយបានសរុប ១០ខ្សែ។ ក្រសួងធនធានទឹក និងឧតុនិយម បានកសាងអាងទឹកសម្រាប់គ្រួសារកងទព័បានចំនួន ១០អាងផងដែរ។
លោកប្រធានមន្ទីរធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចេះប្រើប្រាស់ទឹកដោយមានការសន្សំសំចៃខ្ពស់ ចៀសវាងការបង្ហូរដាក់ស្រែពេញហូរហៀរចោល ឬពេលខ្លះគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមានចេតនាបូមទឹកដើម្បីចាប់ត្រីជាដើម៕