(តាកែវ)៖ ដីខណ្ឌរដ្ឋបាលជលផលជាច្រើនហិកតា ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ម្តុំចម្លងឆ្កែផ្លូវទៅតាមកំពង់ផែកំពង់អំពិល ត្រូវបានគេរាយការណ៍ថា កំពុងតែរងការរំលោភបំពាន និងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់អតីតមន្រ្តីជលផលក្នុងខេត្តមួយនេះ។
យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់នេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ញឹប ស្រ៊ន បានច្រានចោលទាំងស្រុង និងថាដីទាំងនេះបានចុះបញ្ជីជាសារពើភ័ណ្ឌរបស់រដ្ឋ ត្រឹមត្រូវរួចហើយ។
តាមសេចក្តីរាយការណ៍ពីមន្រ្តីជលផលខ្លះ នៅក្នុងខេត្តតាកែវ បានឲ្យដឹងថា ការរំលោភបំពាននេះ គឺជាអតីតមន្រ្តីជលផល និងបច្ចុប្បន្នកាន់តួនាទីជាមន្រ្តីជាន់ខ្ពស់ម្នាក់ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ទទួលបន្ទុកបង្រ្កាបបទល្មើសនេសាទខេត្តតាកែវ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ដីនៅចំណុចកំពុងអំពិលទាំងអស់នេះ គឺបានចុះបញ្ជីសារពើភ័ណ្ឌ របស់រដ្ឋ រួចហើយ ពីព្រោះការចុះបញ្ជីដីនេះតាំងពីមុនលោកចូលបំរើការងារជាប្រធានមន្ទីរទៅទៀត ប៉ុន្តែលោក គឹម សារិទ្ធ អតីតប្រធានការិយាល័យជលផល បានអាស្រ័យផលនៅលើដីហ្នឹង តាំងពីដើមមក តែគាត់មិនអាចយកជាកម្មសិទ្ធិផ្ទាល់ខ្លួនបានទេ វាជាដីរបស់រដ្ឋទាំងអស់។
ចំពោះមតិរបស់មន្ត្រីជលផលដែលបាននិយាយថា ដីនេះត្រូវបានជួលទៅឲ្យប្រជាពលរដ្ឋធ្វើស្រែនោះ លោក ញឹប ស្រ៊ន បានបន្ថែមថា ដីនេះខាងជលផលជាអ្នកធ្វើស្រែកាលពីលោក កឹម សារិទ្ធ នាយជលផលធ្វើការនៅទីនោះ គឺកូនចៅរបស់គាត់នៅប្រចាំការនៅហ្នឹង ហើយបានធ្វើស្រែបានផល ដើម្បីយកមកបំរើការងាររបស់គាត់នៅផ្នែកហ្នឹង។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម ផ្ញើជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា សម្បត្តិរដ្ឋចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ មិនមានលាក់ទុកក្រៅបញ្ជីសារពើភ័ណ្ឌរដ្ឋ នោះឡើយ។ ដីនេះស្ថិតនៅភូមិអង្គក្រច ឃុំបូរីជលសារ ស្រុកបូរីជលសារ បច្ចុប្បន្នត្រូវបានប្តូរ មកក្រោមការគ្រប់គ្រងរបស់ ភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលមានទំហំ ៧៦៣, ៣៦០ ម៉ែត្រការ៉េ។
ក្នុងនោះ ផ្ទៃដីកាត់ចំណីផ្លូវ និងទំនប់ ចំនួន ១១៤,៨៩១ម៉ែត្រការ៉េផ្ទៃដី ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល និងតាំងទីលំនៅចំនួន ៥៣០,៧៧៦ម៉ែត្រការ៉េ ផ្ទៃដី ខណ្ឌរដ្ឋបាលជលផល គ្រប់គ្រង និងអាស្រ័យផលចំនួន ២៧,១២៦ ម៉ែត្រការ៉េ ផ្ទៃដី នៅសល់ចំនួន៩០,៥៦៧ ម៉ែត្រការ៉េ។ នៅឆ្នាំ១៩៩៨ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនាន់មុន បានប្រគល់ដី ចំនួន ២៧,១២៦ម២ ឲ្យការិយាល័យជលផលគ្រប់គ្រង និងអាស្រ័យផល រហូតមកដល់បច្ចុប្បន្ននេះ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើសំណើសុំជម្រះបញ្ជីដីរដ្ឋដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផលកាន់កាប់ ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ តែពុំទាន់សម្រេចពីរាជរដ្ឋាភិបាលនៅឡើយ។ ផ្ទៃដីចំនួន ៩, ៦០០ ម៉ែត្រការ៉េ ដែលមានប្រកាសលេខ ៦២៦ ប្រក.កសក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកាត់ដីជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ៤៨គ្រួសារ ដើម្បីជាកម្មសិទ្ធិស្របច្បាប់។
ដោយឡែកដី ដែលនៅសល់ពីការកាត់ គឺស្ថិតនៅក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ទាំងអស់ គឺពុំអនុញ្ញាតឲ្យជនណាម្នាក់យកដីនេះទៅ លក់បន្តឡើយ៕