Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-វៀតណាម បើកកិច្ចប្រជុំសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន

28-11-2019 10:35

(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានជួបប្រជុំការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន និងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនសារធាតុប៉ះពាល់សរសៃប្រសាទ និងសារធាតុគីមីផ្សំ រវាងខេត្តទាំង៣ រួមមានខេត្តស្វាយរៀង ត្បូងឃ្មុំ ព្រៃវែង ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំនគរបាលខេត្តតៃនិញ ដោយមានការចូលរួមពីគណៈប្រតិភូខេត្តត្បូងឃ្មុំ លោក ឃុន សុភា អភិបាលរងខេត្តត្បូងឃ្មុំ និងគណៈប្រតិភូខេត្តព្រៃវែងលោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង និងលោក ចិន វាន់ចៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ។

លោក តូច ប៉ូលីវ៉ា បានថ្លែងថា គោលបំណង នៃកិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការឈរលើច្បាប់នៃប្រទេសទាំង២ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នាទៅវិញទៅមក ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងត្រួតពិនិត្យគ្រឿងញៀន រវាងខេត្តជាប់ព្រំដែន ហើយភាគីទាំងពីរបន្តកិច្ចសហការទាក់ទងនឹង ភូមិ ឃុំ ស គ្មានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

លោកបានបន្តថា នៅក្នុងកិច្ចប្រជុំនេះបាន ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដោយបានដាក់ចេញនូវគោលការណ៍ជាក់លាក់ និងទិសដៅបន្តប្រកបដោយ ប្រសិទ្ធភាព ក្នុងការអនុវត្តន៍រវាងខេត្តស្វាយរៀង និងខេត្តតៃនិញ ដោយបានឯកភាពរួមគ្នាអនុវត្តន៍នូវខ្លឹមសារដូចជា៖

* ទី១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
* ទី២៖ ភាគីទាំងពីរ បានឯកភាពណែនាំដល់អាជ្ញាធរ ក្រុង ស្រុក រៀបចំកិច្ចប្រជុំប្ដូរវេន រយៈពេល៦ខែម្ដង
* ទី៣ ភាគីទាំងពីរ បន្តជំរុញសកម្មភាពរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ទាក់ទងសកម្មភាពសហការ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន
* ទី៤៖ ភាគីទាំងពីរ បន្តជំរុញ និងណែនាំដល់គ្រប់អង្គភាពមានសមត្ថកិច្ច បង្កើនការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត អប់រំណែនាំដល់ប្រជាពលរដ្ឋ ខេត្តទាំងពីរ ឱ្យបានយល់ច្បាស់ និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន
*ទី៥៖ ភាគីទាំងពីរ បន្តជំរុញនិងណែនាំដល់អាជ្ញាធរមូលដ្ឋាន អង្គភាពមានសមត្ថកិច្ច បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវមុខសញ្ញាជួញដូរ ដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀនខុសច្បាស់ សារធាតុប៉ះពាល់សសៃប្រសាទ និងសារធាតុគីមីផ្សំ ឆ្លងកាត់ព្រំដែន
*ទី៦៖ ភាគីទាំងពីរ បានឯកភាពនឹងរៀបចំកិច្ចបូកសរុបការអនុវត្ត កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុប៉ះពាល់សសៃប្រសាទ និងសារធាតុគីមីផ្សំ លើកទី១១ រវាងខេត្តស្វាយរៀង និងខេត្តតៃនិញ នៅខេត្តស្វាយរៀងក្នុងឆ្នាំ២០២០ខាងមុខនេះ៕