(ពោធិ៍សាត់)៖ តំបន់បណ្ដុំភ្នំគុហ៍ ដែលស្ថិតក្នុងចំណុចកាត់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារចុះជួយឃុំ សហសការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ធ្វើការសិក្សាជាច្រើនលើក អាចនឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបាន ទៅថ្ងៃអនាគត។
ជាក់ស្ដែងកាលពីថ្មីៗនេះ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ បានបំផុសប្រជាពលរដ្ឋ និងយុវជនជាង ៣០០នាក់ រួមនឹងអាជ្ញាធរមន្ត្រីជំនាញខាងវិស័យទេសចរណ៍ ធ្វើដំណើរកំសាន្តស្វែងយល់និងវាយតម្លៃ លើទីតាំងទាំង៣កន្លែង ដើម្បីរិះរកចំណុចរួមមួយ ឈានទៅធ្វើការអភិវឌ្ឍន៍ និងបង្កើតជារមណីយដ្ឋានទេសចរណ៍ថ្មីមួយ ដែលមានឈ្មោះថា «ភ្នំនាគស»។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល កំពុងពង្រីកវិស័យទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ហើយកន្លែងនេះ អាចកំណត់បានថា ជាទេសចរណ៍បែបលក្ខណៈគ្រួសារ។
លោកបន្តទៀតថា តាមការណែនាំរបស់លោក កែវ រតនៈ និងលោក ម៉ៅ ធនិន ចង់ឲ្យដីនៅតាមតំបន់ជើងភ្នំ ឲ្យប្រជាពលរដ្ឋដាំដំណាំព័ទ្ធជុំវិញដូចជា ល្ហុង ចេក ពុទ្រា ផ្កា និងដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទៅលក់នៅទីផ្សារ ដោយមិនប្រើជីគីមី។
លោក សំ ឃីម បន្ថែមថា ការប្រែក្លាយទីតាំងទាំង៣នេះ ចាំបាច់ត្រូវការប្រើទុនធំណាស់ ហើយទាមទារកែលម្អច្រើនដើម្បីឱ្យមានការទាក់ទាញ និយាយជាមួយនឹងនិយាយដោយឡែក ដើម្បីឲ្យដំណើរការទៅបាន ប្រជាពលរដ្ឋត្រូវចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិទាំងអស់នេះឲ្យនៅគង់វង្ស។ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេង នៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច។ ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។
ឆ្លងតាមដំណើរកម្សាន្តរយៈពេលពេញមួយថ្ងៃ ប្រជាពលរដ្ឋដែលបានឃើញទិដ្ឋភាពជាក់ស្ដែង បានបញ្ជាក់ថា ទីតាំងទាំង ៣ខាងលើ ពិតជាប្លែកខុសពីតំបន់កម្សាន្តនានា ក្នុងខេត្ត ពិសេសពួកគាត់ក្នុងនាមជាយុវជនចូលចិត្តអ្វីប្លែកៗ។ ពិតណាស់តំបន់នេះទាមទារ ការវិនិយោគទន់ច្រើន ហើយក៏អាចក្លាយជាតំបន់ទាក់ទាញបាន បើសិនជាអ្នកវិនិយោគរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធបានល្អ។
លោក អេង គន្ធា អ្នកមានគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍តំបន់នេះ បានបញ្ជាក់ពីគោលបំណង ចង់ថែរក្សាការពារធនធានធម្មជាតិនិងបរិស្ថាន នៅបណ្តុំភ្នំគុហ៍នេះ ដោយរំលេចឲ្យអ្នកផងមានការចាប់អារម្មណ៍ នូវអ្វីដែលមាននៅលើភ្នំនេះ។ អ្វីដែលពិសេស ធ្វើឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិផង ជាមួយកន្លែងគោរពសក្ការៈផង និងឲ្យមានការទាក់ទាញ ចាប់អារម្មណ៍ ពីភ្ញៀវទាំងឡាយ អំពីសក្តានុពលធនធានដ៏កម្រក្នុងឃុំមួយនេះ។
លោកបានបន្ថែមថា ចំពោះទុនសម្រាប់អភិវឌ្ឍតំបន់នេះលោកមានការរំពឹងទុកហាក់ដូចជាស្ទាក់ស្ទើរ ព្រោះថាតំបន់នេះ ជាកន្លែងថ្មី ត្រូវការថវិកាច្រើន ខណៈថវិកាត្រូវចំណាយត្រូវការគៀងគរ និងត្រូវការការចូលរួម។ តែទោះជាយ៉ាងណា ឯកឧត្តមក៏បានបង្ហាញពីជំហរដ៏មោះមុត ថានឹងបង្កើតតំបន់នេះឲ្យបាន ដែលមានឈ្មោះថា «ភ្នំនាគស»។
លោកបានអំពាវនាវដល់ព្រះសង្ឃ និងគ្រហស្ថ រួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ដែលមាននៅទីនេះឲ្យបានគង់វង្ស ដើម្បីបង្កើតជារមណីយដ្ឋានធម្មជាតិដ៍ស្រស់ស្អាត និងស្រូបយកខ្យល់បរិសុទ្ធ សម្រាប់ភ្ញៀវទេសចរណ៍មកលេងកំសាន្ដ៕